សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃមានឈ្មួញប្រើប្រាស់គោយន្តកន្ត្រៃ និងរថយន្តសាំយ៉ុង ជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីព្រៃឡង់ ឆ្លងកាត់ស្នាក់ការមន្ត្រីបរិស្ថាន២កន្លែងប្រចាំតំបន់ព្រៃឡង់យ៉ាងរលូន។
ក្នុងនោះចំណុចទី១ គឺឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់មុខស្នាក់ការដែនជម្រកសត្វព្រៃព្រៃឡង់ នៅក្រោមការគ្រប់គ្រងរបស់លោក ហាស់ វិបុល នាយកតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។
គោលដៅទី២ គឺឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់មុខស្នងការបរិស្ថានគុម្ពោតគយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីបរិស្ថានឈ្មោះ ស្មី ដែលជាប្រធានស្នាក់ការ ហើយឈ្មួញបង់លុយតាមការកំណត់ដើម្បីចៀសផុតពីការបង្ក្រាប។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះ កំពុងរងការបំផ្លាញយ៉ាងមហន្តរាយ ហើយមន្ត្រីបរិស្ថានជាអ្នកឃុបឃិតឲ្យមានបទល្មើសកើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍។
បញ្ហានេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ស្រុកព្រែកប្រសព្វ ត្រូវឈ្មួញកាប់បំផ្លាញនិងដឹកជញ្ជូនយ៉ាងអនាធិបតេយ្យបំផុត។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកព្រែកប្រសព្វ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ សម្បត្តិ និងឈ្មួញឈ្មោះ ចាន់ ម៉េងហាំង ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ យ៉ាងគំហុកមិនដែលមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបឡើយ។
បើតាមការកត់សម្គាល់របស់មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនៅខេត្តក្រចេះ បានឲ្យដឹងថា នៅពេលឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់គឺមន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធដែលមានទាំងសមត្ថកិច្ចអាវុធហត្ថផងនោះមិនចាត់វិធានការបង្ក្រាបឡើយ។
លើសនេះទៅទៀតលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលព្រៃឡង់ខេត្តក្រចេះ កំពុងប្រឈមនឹងការបំផ្លាញយ៉ាងរាលដាលមួយរយៈចុងក្រោយនេះ។
ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវ ឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់បទល្មើសកាប់ឈើដឹកជញ្ជូនឈើចេញពីព្រៃឡង់ខេត្តក្រចេះ ជាបន្ទាន់ព្រោះមានសេចក្តីរាយការណ៍ថា មន្ត្រីបរិស្ថានជាអ្នកឃុបឃិតឲ្យមានបទល្មើសកើតឡើង។