ខេត្តក្រចេះ ៖ ឈើអារ ប្រភេទឈើក្រហមជាច្រើនម៉ែត្រគូប ដឹកតាមទូកចេញពីស្រុកសំបូរ ទឹកដីនៃខេត្តក្រចេះ ជាប់គឿងថ្មីនៅកណ្តាលទន្លេមេគង្គ ទល់មុខអន្លង់ផ្សោតកាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី សហការជាមួយរដ្ឋបាលព្រៃឈើថ្មគ្រែ បង្ក្រាបបានទូកដឹកឈើមួយគ្រឿង។
ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១១:០០នានី ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការខេត្តក្រចេះ។
ទូកដឹកឈើមួយគ្រឿងនេះ ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធរបស់ឈ្មួញដុះស្លែរម្នាក់ដែរ ពីមុនរកស៊ីនៅខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅភូមិអណ្ដែនដូន សង្កាត់ក្រគរ ក្រុងក្រចេះ។ ឈើទាំងនេះ ត្រូវបានក្រុមឈ្មួញដឹកចេញពីភូមិរមួល និងភូមិអាចេន ជាប់តំបន់ព្រៃឡង់ នៃស្រុកសំបូរ ឆ្លងកាត់ទីរួមខេត្តក្រចេះ ឆ្ពោះទៅលក់បន្តនៅខេត្តត្បូងឃ្មុំ ជារៀលរាល់យប់ តែពុំធ្លាប់មានសមត្ថកិច្ច ឬមន្ត្រីជំនាញណាមួយបង្ក្រាបបានម្តងឡើយ។ ជាក់ស្ដែងដូចករណីទូកដឹកឈើខាងលើនេះ បានជាប់គឿងថ្មនៅកណ្ដាលទន្លេមេគង្គ តាំងពីម៉ោងប្រមាណជា ៨:៣០នាទីយប់ថ្ងៃទី២៨ ខែមិនា រហូតដល់ម៉ោង៩:០០នាទីព្រឹកថ្ងៃទី២៩ ខែមិនា គឺពុំមានសមត្ថកិច្ច និងមន្ត្រីជំនាញណាមួយមកក្បែរ ឬចុះបង្ក្រាបឡើយ ហាក់បីដូចជាធ្វើមិនដឹងមិនលឺ និងគ្មានចំណាត់ការបង្ក្រាបទាល់តែសោះ។ (នេះ ទូកវាគឿងថ្ម ចុះបើមិនជាប់គឿងថ្ម មិនទៅដោយរលូនទៀត?)……….
ក្រោយពីមានសេចក្តីរាយការណ៍អំពីបទល្មើសជាក់ស្ដែង អមដោយរូបភាព ពីភ្នាក់ងារសារព័ត៌មានជូនលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តមក នៅវេលាម៉ោង ១១:០០នាទី ថ្ងៃដដែល កម្លាំងអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ឹម ចិត្រា មេបញ្ជាការស្រុក សហកាជាមួយសង្កាត់រដ្ឋបាលព្រៃឈើរួមគ្រែ បានចុះមកធ្វើការបង្ក្រាប។ (ករណីនេះ ចេះមានគេដឹង មានអ្នករាយការណ៍ ចុះបើគ្មានអ្នករាយការណ៍វិញ អស់លោកច្បាស់ជាមិនបង្ក្រាបទេ) ។
ជាមួយគ្នានោះ លោកវរសេនីយ៍ទោ អ៊ឹម ចិត្រា មេបញ្ជាការស្រុកចិត្របុរី បានអោយដឹងថា ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី សហការជាមួយរដ្ឋបាលព្រៃឈើថ្មគ្រែ បានចុះធ្វើការបង្ក្រាបទូកដឹកឈើមួយគ្រឿង ផ្ទុកឈើអារជ្រុង ប្រភេទឈើក្រហម ៥×១៥ ប្រវែងពី ៩ ទៅ១១ម៉ែត្រ ពាក់ពន្ធ័នឹងចំនួនសរុប នៅមិនទាន់ដឹងពីតួរលេខនៅឡើយទេ។
បច្ចុប្បន្ននេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្មគ្រែ កំពុងរកមធ្យោបាយដឹកជញ្ជូនយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សារ ។
ក្រោយពីសមត្ថកិច្ច ធ្វើការបង្ក្រាប និងស្គាល់ពីមេឈ្មួញរកស៊ីបទល្មើសព្រៃឈើប្រចាំនៅខេត្តក្រចេះ ម្នាក់ ដែលធ្លាប់ធ្វើសកម្មភាពដឹកជញ្ជូនគ្រប់រូបភាព ទាំងផ្លូវគោក និងផ្លូវទឹក ទាំងរថយន្ត និងគោយន្តកន្ត្រៃយើង រងចាំមើលតើសមត្ថកិច្ចមានចំណាត់ការយ៉ាងណា ៕
រាយការណ៍ដោយកូននាគកំណាចខេត្តក្រចេះ