ស្វាយរៀង ÷ ប្រភពពីមន្ត្រីនៅច្រកទ្វារព្រំដែនតំបន់ដូង បានឲ្យដឹងថា ក្រុមឈ្មួញធំៗ និងអាជីវករ មកពីបណ្តាលខេត្តនានា សម្រុកនាំចូលទំនិញ ពីស្រុកយួនយ៉ាងគំហុក ដូចជា មី ទឹកស្ទីង និងគ្រឿងកំប៉ុងគ្រប់មុខ ពូក តុ កៅអី ធុងជ័រ តូច ធំ លួសដែកភ្នែកគ្រួច ព្រមទាំងទំនិញជាច្រើនប្រភេទទៀត ហើយសមត្ថកិច្ចពាក់ព័ន្ធ ច្រកដូង អាចប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ថ្ងៃ។
ការដែលលោក នាយប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង ដែលមានខ្នងបង្អែករឹងមាំនៅពីក្រោយ ហេតុនេះលោក ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង គួរតែពិនិត្យឡើងវិញខ្លះផង ព្រោះអំពើពុករលួយ របស់សមត្ថកិច្ចដូង ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់រួចទៅហើយ។
ក្រុមឈ្មួញតូច ធំ ក្នុងខេត្តស្វាយរៀង ដែលនាំទំនិញគ្រប់ប្រភេទចេញពីស្រុកយួន ចូលតាមច្រកទ្វារតំបន់ព្រំដែនដូង ឃុំដូង ស្រុករមាសហែក បានឲ្យដឹងថា បច្ចុប្បន្ននេះមេប៉ុស្ដិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូង នៅតែបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់នោះទេ។
ប្រភពបានឲ្យដឹងទៀតថា ការដែលមេប៉ុស្តិ៍ដូង ហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ហើយលោកពេជ្រ វិរះ ស្នងការនគរបាលខេត្តស្វាយរៀង តែងតែរក្សាភាពស្ងៀមស្ងាត់។
ដូច្នេះហើយទើប មេប៉ុស្តិ៍ដូង អាចប្រើអំណាច និងតួនាទី របស់ខ្លួនប្រមូលលុយ តាមរបៀបពុករលួយកាន់តែខ្លាំងឡើងៗ តាំងពីអំឡុងដេីមខែមេសា ឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ននេះ។
តាមការបង្ហើបពីក្រុមឈ្មួញនិង អាជីវករដែលនាំចូលទំនិញច្រើនប្រភេទ ពីស្រុកយួន តាមច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា មុខរបរ របស់ពួកគាត់សព្វថ្ងៃនេះ នៅសល់កម្រៃតិចតួចណាស់ ។
ដោយហេតុថា លោក ឆេង សា វិន មេគយច្រកទ្វារតំបន់ព្រំដែនដូង គាបយកលុយច្រើនពេក ដោយគ្មានចេញបង្កាន់ដៃបង់លុយ ឬវិក្ក័យបត្រ ត្រឹមត្រូវនោះទេ ហើយគ្មានឈ្មួញ និងអាជីវករ ណាហ៊ានតវ៉ាឡើយ។
ទន្ទឹមនឹងនេះក្រុមឈ្មួញ អាជីវករត្រូវបង់លុយឲ្យមន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀតទាំងនៅច្រកព្រំដែន និងនៅតាមផ្លូវ ធ្វើឲ្យមុខរបរ រកទទួលទានប្រឈមនឹងបញ្ហាលំបាកកាន់តែខ្លាំងឡើងៗ៕