ត្បូងឃ្មុំ ៖ ប្រភពពីអាជីវករនិងឈ្មួញតូចតាចដឹកបន្លែផ្លែឈើនិងទំនិញបានឲ្យដឹងថា លោក ព្រាប គារ៉ាត់ ហៅសិទ្ធ មេគយចល័តតំបន់ ៦ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធឆ្លងដែនខុសច្បាប់ពង្រាយមន្ត្រី គយនិងជនសុីវិលចាំប្រដេញកាក់ស្ទាក់ចាប់ ឡានអាជីវកររកស៊ីដឹកបន្លែផ្លែឈើ ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមអំពើចិត្ត មិនខ្វល់ពីការរិគន់អ្វីទាំងអស់ ។
អាជីវករក៍ដូចជាឈ្មួញតូច ធំ បានបន្តឲ្យដឹងទៀតថា លោក ព្រាប គារ៉ាត់ ហៅសិទ្ធ ពង្រាយមន្ត្រីគយនិងជនស៊ីវិល ជាច្រើនកន្លែងនៅតាមបណ្ដាខេត្តនានា នៅក្នុងតំបន់ ៦ ដូចជាចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដាក់ក្បាលឡានចេញមកក្រៅចាំដេញកាក់ស្ទាក់ ឡានដឹកទំនិញណា ដែលបើកហួសមិនព្រមចូលបង់លុយ ហើយត្រូវពិន័យមួយគុណធ្វេដង ជាការព្រមានតាមកំណត់។
ក្រុមអាជីវករបានបន្តអោយដឹងទៀតថាកាលពីកន្លងទៅទំនិញក្នុង១ រថយន្តសាំយ៉ុងត្រូវបង់អោយក្រុមគយនៅចំណុច
ឃុំក្រែក ស្រុកពញាក្រែកចំនួន ៨០ មុឺនទៅ ១ លានរៀលជាកំហិត ពួកឈ្មួញដឹកជញ្ជូនបន្លែផ្លែឈើ គ្រប់មុខ និងទំនិញផ្សេងៗជាច្រើនប្រភេទ ទើបបានដល់គោលដៅ។
ប៉ុន្តែក្រុមគយ និងជនសុវិលអង្គុយរាប់ក្បាលឡាននៅចំណុចឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំតម្រូវអោយពួកឈ្មួញបង់លុយតាមការកំណត់ ដោយគ្មានក្រដាស់ស្នាមឬវិក្កយប័ត្រពន្ធរដ្ឋនោះទេ ចុះហេតុអ្វីបានជាមាន
ក្រុមមន្ត្រីគយចល័តនៅមិនឆ្ងាយ ពីគយព្រំដែនមួយកន្លែងទៀត ដែលចាំយកលុយ ពីពួកគាត់បន្ថែមទៀតដាក់ហោប៉ៅ ចែកគ្នាធ្វើមានធ្វើបាន យ៉ាងសុខស្រួលបំផុត។
គួរបញ្ចាក់ថា នៅក្នុងតំបន់៦ នេះមានការដឹកទំនិញបន្លែផ្លែឈើ ឥវ៉ាន់ចាប់ហួយនិងឥវ៉ាន់គ្រប់ប្រភេទចេញពីប្រទេសវៀតណាមជាច្រើនច្រក នៅខេត្តត្បូងឃ្មុំ មានច្រកដូនរ័ត្ន ច្រកទ្វេភាគីដូង៧ដើម ច្រកស្អំ ច្រកអន្តរជាតិត្រពាំងផ្លុង ហៅស្ពានដែកច្រកបឹងជ្រោងនិងច្រកចាន់មូល ច្រករបៀងផ្សេងៗទៀតដែលជាប្រភពចំណូលរបស់ លោក ព្រាប គារ៉ាត់ ហៅសិទ្ធ និងបក្សពួករបស់ខ្លួន។
ប្រភពពីអាជីវករដដែលបានបន្ថែមអោយ ដឹងទៀតថា រាល់ការដឹកជញ្ជូនទំនិញតាមផ្លូវជាតិលេខ៧ ទៅតាមបណ្តាខេត្តផ្សេងៗឆ្ពោះទៅកាន់រាជធានីភ្នំពេញពួកគាត់តែងព្រួយបារម្ភខ្លាំងណាស់ពីការដេញគាបជំរិតទា លុយរបស់ក្រុមមន្ត្រីគយនិងជនសុីវិលក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ ហៅសិទ្ធ មេគយចល័តតំបន់៦និងបក្ខពួក ត្រូវបានគេសង្ស័យថា ប្រាក់ផាកពិន័យទាំងនោះប្រហែលចូលរដ្ឋតិចជាងចូលហោប៉ៅ ព្រោះ ថារាល់ការផាកពិន័យទាំងនោះគេមិន ដែលឃើញលោកគយចេញវិក័យប័ត្រពន្ធរដ្ឋឬកន្ទុយប័ណ្ណផាកពិន័យឲ្យពួកគាត់នោះឡើយ។
ប្រជាពលរដ្ឋ ក៍ដូចជាអាជីវករចំណុចឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កន្លែងស្នាក់ការក្រុមគយចល័តតំបន់៦ បើអ្នកមិនធ្លាប់រកស៊ីទេ គឺមើលមិនដឹងថាកន្លែងនោះជាអ្វីឡើយ ព្រោះគ្មានស្លាកសញ្ញា សំគាល់នោះទេ? មានតែឡានក្រុមមន្ត្រីគយនិងជនស៊ីវិល ធម្មតាដាក់អំពូលភ្លើង២គ្រាប់ ដើម្បីបំភ្លឺនៅពេលយប់តែប៉ុណ្ណោះ។
ប្រភពបន្តថា មេគយចល័តតំបន់៦ ពង្រាយមន្ត្រីគយនិងជនសុីវិលចាំប្រដេញចាប់ស្ទាក់គាបយកលុយពីរថយន្ត ដឹកទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ហើយឃុបឃិតបើក ដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញជាថ្នូរ នឹង ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកខ្លួន គយប្រចាំនៅចំណុចឃុំក្រែក ស្រុកពញាក្រែក កំពុងសាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការ ប្រព្រឹត្តរបៀបអំពើពុករលួយ ដែលជាហេតុនាំឲ្យបាត់បង់នូវចំណូលថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង ១ ឆ្នាំៗ។
ប្រភពពីអាជីវករដដែលបានបង្ហើបឲ្យដឹងថា លោក ព្រាប គារ៉ាត់ ហៅសិទ្ធ មេគយចល័ត តំបន់៦ កំពុងសប្បាយចិត្តប្រមូលលុយពីរថយន្តដឹកទំនិញទាំងស្របច្បាប់ទាំងមិនស្របច្បាប់គ្រប់ប្រភេទពីរវៀតណាមរាប់សិប គ្រឿងក្នុងមួយថ្ងៃៗ ចូលហោប៉ៅមន្ត្រីគយ ចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលផ្ទាល់ខ្លួនរាល់ការចាប់រថយន្តដឹកទំនិញផ្សេងៗ គយផាកពិន័យមិនបានបង់ពន្ធចូលថវិការ រដ្ឋឡើយ ពោលគឺតែងតែសម្រួលយកលុយច្រើនៗ រួចដោះលែងឲ្យរួចទៅវិញ ។
ឈ្មួញតូច ធំ ក៍ដូចជាអាជីវករក្នុងស្រុក អំពាវនាវដល់លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំង លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយ របស់លោក ព្រាប គារ៉ាត់ ហៅសិទ្ធ មេគយចល័តដុះស្លែប្រចាំតំបន់៦ និងបក្ខពួកផងទាន។