អាជីវករក៍ដូចជាក្រុមឈ្មួញដឹកជញ្ជូនទំនិញចេញពីប្រទេសថៃឆ្លងកាត់ មេគយចល័តតំបន់5 លោក ឈួន សោភា ល្បីល្បាញពេញទំហឹងខាងប្រមូលលុយតាមរបៀបពុករលួយ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់5 ឬហៅថាមេគយចល័តតំបន់5 គឺជារឿងមិនអាចបិទបាំងបានទេ ព្រោះបណ្ដាព័ត៌មាននានា បានចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ។
ប៉ុន្តែរហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនចាត់វិធានការណាមួយដើម្បីទប់ស្កាត់អំពើពុករលួយ របស់លោក ឈួន សោភា នៅឡើយទេ។
ប្រការនេះហើយទើប លោក ឈួន សោភា មានឥទ្ធិពលកាន់តែខ្លាំង ហើយសាងភាពល្បីល្បាញពេញទំហឹងខាងពុករលួយដោយសារអាងមានខ្នងបង្អែករឹងមាំ ចាំជួយដោះស្រាយគ្រប់បញ្ហា។
ប្រភពស្និទ្ធនឹងលោក ឈួន សោភា បានបង្ហើបឲ្យដឹងថា ឈ្មួញធំៗដែលរកស៊ីដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់5 ចំណុចគល់ស្ពានទឹកថ្លា ផ្លូវជាតិលេខ5 ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺជាប្រភពចំណូលដ៍សំខាន់របស់លោក ឈួន សោភា មេគយចល័តតំបន់5។
ដោយហេតុថាលោក ឈួន សោភា មិនដែលបង្ក្រាបឈ្មួញធំៗ ដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់យ៉ាងពេញបន្ទុកនោះឡើយ។
ផ្ទុយទៅវិញលោក ឈួន សោភា មានតែជួយសម្រួលឲ្យឈ្មួញទាំងនោះដឹកជញ្ជូនទំនិញទៅដល់គោលដៅនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប យ៉ាងរលូនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
តាមប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា លោក ឈួន សោភា មិនញញើតទៅនឹងចំណាត់ការណាមួយរបស់លោក គុណ ញឹម ដែលជាអគ្គនាយកដ្ឋានគយនោះទេ ព្រោះមានខ្នងបង្អែករបស់លោក ឈួន សោភា មានឥទ្ធិពលខ្លាំងជាងលោក គុណ ញឹម ទៅទៀត។
រីឯលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រក្សាភាពស្ងៀមស្ងាត់ទុកឲ្យ លោក ឈួន សោភា ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។
ជាក់ស្ដែងមួយរយៈចុងក្រោយនេះ លោក ឈួន សោភា មេគយចល័តតំបន់5 ល្បីល្បាញខាងពុករលួយកាន់តែខ្លាំង ហើយមេគយធំៗ មិនហ៊ានប៉ះពាល់ លោក ឈួន សោភា ដែលធ្លាប់មានរឿងអាស្រូវកន្លងមកក៍ដោយ នៅតែរក្សាតំណែងរហូតដល់បច្ចុប្បន្ន។