ប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត មិនគូរលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូន រក្សាភាពស្ងៀមស្ងាត់។
ប្រភពពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញពីខេត្តព្រះសីហនុចូលទៅភ្នំពេញ និងពីខេត្តផ្សេងៗ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ឃុំបាក់រទេះ ស្រុកកំពង់សិលា ប្រធានជញ្ជីងហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត ដោយសារអាងខ្នងបង្អែករឹងមាំ មន្ត្រីធំៗនៅមន្ទីរសាធារណការ និងដឹកជញ្ជួនខេតព្រះសីហនុ។
រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។
ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ស្ទឹងច្រាល
ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុផងដែរ។
គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ចំណុចឃុំបាក់រទេះ ស្រុកកំពង់សិលា យកឈ្មោះ លោក បូរី វង្សសានិត មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។
ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាស យ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់ដោយមិនបាច់ចូលថ្លឹងឡើយ។
មន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ រហូតមកដល់បច្ចុប្បន្ននេះគឺលោក បូរី វង្សសានិត បណ្ដែតបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។
ហេតុនេះលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសគួរតែពិនិត្យឡើងវិញខ្លះផង។
ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើអំពើពុករលួយរបស់លោក បូរី វង្សសានិត និងមន្ត្រីក្រោមឱវាទផងដែរ៕