នៅពេលថ្មីៗនេះ ក្រុមឈ្មួញក៍ដូចជាអាជីវករ បានបញ្ជាក់ឲ្យដឹងថា លោក នូ ស៊ីថា ប្រធាន នាយកដ្ឋានបង្ការបង្ក្រាបបទល្មើស អគ្គរដ្ឋករគយ និងរដ្ឋាករកម្ពុជា ដាក់ពង្រាយកូនចៅរបស់ខ្លួន តាមបណ្ដាខេត្តក្រុង ឲ្យប្រព្រឹត្តអំពើពុករលួយ ចាប់តាំងពីបានមកកាន់តំណែង ជាប្រធាននាយកដ្ឋាននៅពេលថ្មីៗនេះ គឺតម្រូវឲ្យពួកឈ្មួញតូច ធំ បង់លុយ តាមការកំណត់ មិនអាចរំលងបានឡើយ។
ជាក់ស្តែងលោក នូ ស៊ី ថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើស បានដាក់មន្ត្រីជំនិត តាមផ្លូវជាតិសំខាន់ៗ ដើម្បីរកភពចំណូលឲ្យខ្លួន ទើបមន្ត្រីទាំងនោះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយលោក គុណ ញឹម អគ្គនាយកគយ រក្សាភាពស្ងៀមស្ងាត់។
ប្រសិនបើគ្មានការបើកដៃពីលោក នូ ស៊ីថា ប្រធាននាយកដ្ឋាន បង្ការបង្ក្រាបបទល្មើស គឺមន្ត្រីតូចតាច នៅតាមគោលដៅសំខាន់ៗ មិនហ៊ានគាបសង្កត់ពួកឈ្មួញ នាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តនោះទេ។
ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់ លោក នូ ស៊ីថា ទៀតនោះទេ ព្រោះរឿងអាស្រូវ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។
រឿងអាស្រូវពុករលួយ របស់លោក នូ ស៊ីថា ប្រធាន នាយកដ្ឋានបង្ការបង្ក្រាបបទល្មើស បានយកជំនាញខាងពុករលួយ ឲ្យមន្ត្រីជំនិតៗ របស់ខ្លួនទៅអនុវត្តន៍ កាលពីពេលកន្លងមកនេះ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ទំនិញអាជីវករដឹកជញ្ជូនបន្តិចបន្ទួច ឆ្លងដែន មានការប្រតាយប្រតប់គ្នា នាពេលថ្មីៗនេះ។
បើតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា លោក នូ ស៊ីថា ចំណាយដើមទុនអស់ច្រើនក្នុងការទទួលបានតំណែងជាប្រធាន នាយកដ្ឋានបង្ការបង្ក្រាបបទល្មើស អគ្គរដ្ឋករគយ និងរដ្ឋាករកម្ពុជា ទើបខំប្រឹងស្រង់ដើមយ៉ាងពេញទំហឹង៕