ព្រៃវែង÷ ប្រភពសិទ្ធិនិងមន្ត្រីនគរបាល បានឲ្យដឹងថា លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង បេីកដៃឲ្យ ឈ្មួញតូច ធំ នាំទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ ចេញពីស្រុកយួនចូលតាមច្រកនេះ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ យកមកស្តុកទុកនៅផ្ទះឈ្មួញជេីងខ្លាំងម្នាក់ នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក និងបន្តចែកចាយទៅទីក្រុងភ្នំពេញ រីឯនាយប៉ុស្តិ៍នគរបាលច្រកស្វាយអាង៉េងជាអ្នកមានសិទ្ធិអំណាច បេីកបារ៉ាស់ ទេីបបក្សពួកឈ្មួញហ៊ានអ្វីៗ តាមអំពេីចិត្ត។
អំពើពុករលួយរបស់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង អាចប្រេីតួនាទី និងអំណាចប្រព្រឹត្តទៅដោយរលូន រយៈពេលច្រើនខែ ឆ្នាំមកហេីយ គឺអាងខ្នងបង្អែករឹងមាំនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទេីប នាយប៉ុស្តិ៍ច្រកនេះ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ នាយប៉ុស្តិ៍នគរបាលនៅច្រកស្វាយអាង៉ោង បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនកាន់តែច្រើនឡើងៗ។
តាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ពីស្រុកយួនយ៉ាងគំហុកគឺ លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង ប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ មិនញញេីតអ្វីទាំងអស់ អង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យឡេីងវិញខ្លះផង។
រីឯលោក ឈឿន ប៊ុន ឆក ស្នងការនគរបាលខេត្តព្រៃវែង និងលោកសួន ម៉ាលីន អភិបាលខេត្តព្រៃវែងទេីបឡេីងកាន់តំណែងថ្មី សម្ងំស្ងាត់ឈឹងបើទោះបីទង្វើ មិនប្រក្រតីរបស់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ យ៉ាងណាក៏ដោយ។
ក្រុមឈ្មួញ និងអាជីវករដែលរកស៊ីនាំចូលទំនិញពីស្រុកយួនតាមច្រកស្វាយអាង៉ោង បានឲ្យដឹងថា អាជីវកម្មរបស់ពួកគេនៅសល់កម្រៃតិចតួចប៉ុណ្ណោះ ព្រោះអីសមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវគាបយកលុយច្រើនពេក។
ឈ្មួញតូច ធំ និងអាជីវករ បានឲ្យដឹងទៀតថា រាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក្កយប័ត្រត្រឹមត្រូវឡើយ ហើយគ្មាននរណាអាចរំលងលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង បានទេ។
ជាពិសេសឈ្មួញ ចាស់វស្សារូបនេះ និងឈ្មួញដ៍ទៃទៀតដែលរកស៊ីនាំចូលទំនិញគេចពន្ធពីស្រុកយួន ចូលតាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក នាយប៉ុស្តិ៍ ដែលកំពុងល្បីល្បាញខ្លាំងខាងពុករលួយ៕