ព្រៃវែង ៖ ក្រុមឈ្មួញ និងអាជីវករដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ ១ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានបញ្ជាក់ឲ្យដឹងថា សព្វថ្ងៃនេះប្រធានជញ្ជីង កំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះបីរថយន្តធំៗផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបែរជាធ្វើមិនដឹងមិនឮ អ្វីទាំងអស់។
ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ក៏ដូចជាអាជីវករដែលដឹកជញ្ជូនទំនិញ ចេញពីស្រុកយួន តាមច្រកទ្វារអន្តរជាតិព្រំដែនបាវិត ឆ្លងកាត់ផ្លូវជាតិលេខ១ បានឲ្យដឹងទៀតថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវជាតិលេខ ១ ជាកំហិត។
ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានបន្ថែមទៀតថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ពីខេត្តនានា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ សង្កាត់ព្រៃអង្គុញ
ក្រុងបាវិត ខេត្តស្វាយរៀង ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ និងបក្សពួកប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ។
ហេតុនេះហើយទើបមានការអំពាវនាវឲ្យ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងក៏ដូចជាលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេីបឡេីងកាន់តំណែងថ្មី ៗចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់ប្រធានជញ្ជីងថ្លឹងរថយន្តនិងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ជាបន្ទាន់ ។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត តាមបណ្តោយផ្លូវជាតិលេខ១ ចំណុចភូមិ
កំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត គាបយកលុយពីពួកឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។
ជាការពិត ពួកឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តវ៉េអងធំៗ រថយន្តសណ្ដោងកន្ទុយសណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ខ្នាចធំដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងក្រុមរថយន្ត ធ្វើឲ្យខូចផ្លូវខូចស្ពានឡេីយ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិកំពោតជ្រូកសង្កាត់បាវិត ក្រុងបាវិត បានឲ្យដឹងថា ពេលរថយន្តធំៗ ដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបរ រថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍ តាមការកំណត់ដោយមិនអាចតវ៉ាបាននោះទេ។
ប្រសិនបើឈ្មួញឬអាជីវករណាម្នាក់ហ៊ានតវ៉ាប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ ១ ក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត រករឿងឲ្យរើទំនិញចុះឡើងតាមទំនេីងចិត្ត របស់ពួកគេជាមិនខាន់ ។
ហេតុនេះហើយទើបរថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេសនៅតែអាចបើកបរលើផ្លូវជាតិលេខ១ យ៉ាងគគ្រឹកគគ្រេង បណ្ដោយឲ្យខូចផ្លូវខូចស្ពាន ជាបន្តបន្ទាប់ ។
បញ្ហានេះគឺជារឿងដែលលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក សេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេព្រោះក្រុមជញ្ជីងថ្លឹងរថយន្តលើ ផ្លូវជាតិលេខ១ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតកំពុងក្លាយទៅជាជញ្ជីងថ្លឹងលុយ៕