ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុច ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិតខេត្តស្វាយរៀងថាជញ្ចីងថ្លឹងរថយន្តប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយ។
ទោះប្បីជាមិនលើសទម្ងន់ ក៏មន្ត្រីស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀងដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់គួរឲ្យស្អប់ខ្ពើម ដូច្នេះហេីយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនគូរពិនិត្យឡេីងវិញជាបន្ទាន់។
ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្វាយរៀង បានឱ្យដឹងថា លោក ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនៅលើផ្លូវជាតិលេខ1ភូមិកំពោតជ្រូកសង្កាត់ព្រៃអង្គញ់ក្រុងបាវិតខេត្តស្វាយរៀង។
តាមការបង្ហេីបពីមន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានបញ្ជាក់ថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត
ភូមិកំពោតជ្រូកសង្កាត់ព្រៃអង្គញ់ក្រុងបាវិតខេត្តស្វាយរៀងរកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។
ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍មួយនេះទារលុយច្រើនៗពេកបើទោះប្បីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។
ជាងនេះទៅទៀតបើទោះប្បី ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត ភូមិកំពោតជ្រូកសង្កាត់ព្រៃអង្គញ់ក្រុងបាវិតខេត្តស្វាយរៀងនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។
រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1ភូមិកំពោតជ្រូកសង្កាត់ព្រៃអង្គញ់ក្រុងបាវិតខេត្តស្វាយរៀងនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។
រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះប្បីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។