ស្វាយរៀង ÷ សកម្មភាពឈ្មួញរកស៊ីបទល្មើសព្រៃឈើខុសច្បាប់ ដឹកជញ្ជូនត្រសរមូល វែងៗ ចេញពីខេត្តក្រចេះ យកមកស្តុកទុក ចំណុចភូមិតាសេក ឃុំគគីរ ស្រុករមាសហែក ជាច្រើនដើម បន្តឆ្លងដែនទៅលក់នៅស្រុកយួន តាមប៉ុស្តិ៍នគរបាលខ្សែដែកយ៉ាងគំហុក សមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើមិនដឹងមិនឬអ្វីទាំងអស់។
ប្រជាពលរដ្ឋ ក្នុងឃុំគគីរ ស្រុករមាសហែក បានបញ្ជាក់ថា រយៈពេលប៉ុន្មានយប់កន្លងទៅនេះ ឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើត្រសរ មូលតាមរថយន្តកូរ៉េ យ៉ាងពេញបន្ទុក ត្រៀមឆ្លងយកទៅលក់នៅស្រុកយួន រីឯលោក មេប៉ុស្តិ៍នគរបាលខ្សែដែក ជាអ្នកមានសិទ្ធិអំណាចបើកបារ៉ាស់ ទើបបុគ្គលរូបនោះ ធ្វើៗតាមអំពើចិត្ត។
មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថស្រុករមាសហែក និងសមត្ថកិច្ចនគរបាលស្រុករមាសហែក មិនទាន់បង្ក្រាបឈ្មួញដុះស្លែដឹកជញ្ជូនឈើត្រសរមូលៗ នោះទេ ប្រហែលជាមានខ្នងបង្អែករឹងមាំនៅពីក្រោយទេដឹង។
ប្រជាពលរដ្ឋ ក្នុងឃុំគគីរ ស្រុករមាសហែក បានអំពាវនាវឲ្យ គណៈកម្មការថ្នាក់ជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និង លោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ពិនិត្យឡើងវិញខ្លះផង ចំពោះករណីមេឈ្មួញឈើដឹកជញ្ជូនត្រសរមូល ឆ្លងដែនទៅលក់នៅស្រុកយួន ច្រករបៀងប៉ុស្តិ៍ខ្សែដែក ប្រហែលជាមានទីផ្សារសេរី ជនជាតិយួនឆ្លងដែនមកចាំទទួលទិញ ។
ដោយហេតុថា ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង និងមេរដ្ឋបាលព្រៃឈើខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុករមាសហែក មិនចាត់វិធានការបង្ក្រាបមេឈ្មួញដែលសម្រុកដឹកជញ្ជូនឈើត្រសរទៅស្រុកយួន ឡើយ។
ដូច្នេះហើយទើបឈ្មួញអាចធ្វើសកម្មភាពដឹកជញ្ជូនឈើត្រសរមូល ចេញទៅស្រុកយួន យ៉ាងពេញបន្ទុក ព្រោះមានការបើកដៃពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងសុខស្រួល។