ប្រភពពីក្រុមអាជីវករដឹកទំនិញ ចេញពីស្រុកយួនចូលមកខ្មែរ បានបញ្ជាក់ថា លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន បច្ចុប្បន្នកំពុងសប្បាយចិត្ត ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង គឺដោយសារអាងខ្នង លោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចាំជួយបិទបាំងរឿងអាស្រូវ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
បើគ្មានការបើកដៃពីសំណាក់មន្ត្រីធំៗ ពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ និងឃុបឃិតជាប្រព័ន្ធទេនោះ គឺលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន ហើយសមត្ថកិច្ចមួយចំនួន មិនអាចដាក់កុងត្រូលជជុះបង្ដាក់គ្នាដូចខ្យង ប្រព្រឹត្តអំពើពុករលួយ តាមទំនើងចិត្តបានឡើយ។
ក្រុមឈ្មួញនិងអាជីវករនាំចូលទំនិញពីស្រុកយួន តាមច្រកដូនរ័ត្ន បានឲ្យដឹងថា បើទោះបីពួកគេនាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក នូ និច ផងដែរ។
តាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មកដល់ពេលនេះលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយ តាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ឈ្មួញតូច ធំ សម្រុកដឹកជញ្ជូនជ័រកៅស៊ូស្អុយ ចេញទៅស្រុកយួន ព្រមទាំងកសិផលផ្សេងៗ រយៈរថយន្តកូរ៉េ និងមានរថយន្តយីឌុបគ្រាប់តង់ជិត តាមច្រកដូនរ័ត្ន គឺជាប្រភពចំណូលដ៏សំខាន់របស់លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន ដែលមានខ្នងបង្អែករឹងមាំ ទើបមិនហ៊ានប៉ះពាល់ ទុក្ខឲ្យក្ដោបសេដ្ឋិកិច្ចម្នាក់ឯង បានលុយដាក់ក្នុងហោប៉ៅយ៉ាងត្រជាក់ចិត្ត។
ហេតុនេះ លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ មិនគូរមើលរំលងភាពអសកម្ម របស់ លោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំបណ្តែតបណ្តោយឲ្យ លោក នូ និច មេប៉ុស្តិ៍នគរបាលច្រកដូនរ័ត្នប្រព្រឹត្តអំពេីពុករលួយ
តទៀតនោះទេ។
ទន្ទឹមនឹងនេះឈ្មួញដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ចេញពីស្រុកយួន ដូចជា មាន់ ត្រី បន្លែ ផ្លែឈើ ដូង ទុរេន សាវម៉ាវ ជាដើម ក៏ជាប្រភពចំណូលរបស់លោក នូ និច បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ កំពុងតែល្បីល្បាញខាងពុករលួយ យ៉ាងពេញបន្ទុក ប្រចាំនៅច្រកដូនរត្ន័ផងដែរ។
ដូច្នេះថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកនេះ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ៕