តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំង ក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ទើបលោក ម៉ឹង យូឡេង អាចរក្សាតំណែងជាប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ឡើងដុះស្លែ ពុំមានការផ្លាស់ប្ដូរ ។
លោកស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោកម៉ឹងយូឡេងត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។
ហេតុនេះហើយទើបលោកម៉ឹងយូឡេងហ៊ានបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងផ្លូវជាតិលេខ1 ផ្លូវជាតិលេខ2 ផ្លូវជាតិលេខ3 និងផ្លូវជាតិលេខ4 ខេត្តកណ្ដាលប្រមូលលុយតាមរបៀបពុករលួយពេញទំហឹង។
ថ្មីនេះក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 ស្រុកលើកដែកខេត្តកណ្ដាលបានលាតត្រដាងរឿងអាស្រូវពុករលួយរបស់លោកអូនរស្មីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 ដែលប្រែក្លាយជញ្ជីងថ្លឹងរថយន្តជាជញ្ជីងថ្លឹងលុយយ៉ាងពេញបន្ទុក។
ប្រភពស្និទ្ធនឹងលោកអូនរស្មីបានឲ្យដឹងថាបើគ្មានការបើកដៃពីលោកម៉ឹងយូឡេងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលទេនោះគឺលោកអូនរស្មីមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ។ហេតុនេះលោកស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក៏ដូចជាលោកសេងឈួនមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលបានលើកឡើងថាករណីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ2 ផ្លូវជាតិលេខ3 ស្រុកកណ្ដាលស្ទឹងនិងប្រធានស្ថានីយ៍ផ្លូវជាតិលេខ4 នៅស្រុកអង្គស្នួលមិនញញើតក្នុងប្រមូលលុយតាមរបៀបពុករលួយគឺដោយសារអាងមានលោកម៉ឹង យូឡេងជាបង្អែកដ៏រឹងមាំ។រីឯលោកម៉ឹងយូឡេងហ៊ានបណ្ដោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងក្រសួងសាធារណការដឹកជញ្ជូនចាំជួយការពារគ្រប់វេលា។
ប្រសិនបើគ្មានខ្នងបង្អែកក្រាស់ទេនោះប្រហែលជាលោកម៉ឹងយូឡេងមិនអាចរក្សាតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនបានដល់សព្វថ្ងៃនេះឡើយ៕