តាមប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បើទោះបីអំពើពុករលួយរបស់លោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ក៏ដោយក៏ថ្នាក់លើធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ជាពិសេសនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនចាត់វិធានការណាមួយដើម្បីទប់ស្កាត់ទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់លោក ស ថេន នៅឡើយទេ។
ហេតុនេះហើយទើបលោក ស ថេន ដែលអាងមានខ្នងបង្អែករឹងមាំនៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមបែបពុករលួយយ៉ាងពេញបន្ទុក ធ្វើឲ្យឈ្មួញ និងក្រុមអាជីវករដែលនាំចូលទំនិញពីស្រុកយួនប្រឈមនឹងការលំបាកកាន់តែខ្លាំង។
ក្រុមឈ្មួញ និងអាជីវករបានបញ្ជាក់ថា មកដល់ពេលនេះលោក ស ថេន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងផ្លុង នៅតែគាបយកលុយលើតុក្រោមតុយ៉ាងពេញទំហឹងដដែល ហើយគ្មានឈ្មួញនឹងអាជីវករណាអាចតវ៉ាបានឡើយ។
ប្រភពបានឲ្យដឹងថា រ៉ឺម៉កដឹកបន្លែផ្លែឈើ1គ្រឿងត្រូវបង់លុយពី5ម៉ឺនរៀលទៅ8ម៉ឺនរៀល រីឯរថយន្តសាំយ៉ុងត្រូវបង់លុយ10ម៉ឺនរៀលទៅ12ម៉ឺនរៀល ហើយរថយន្តធំៗត្រូវបង់លុយច្រើនជាងនេះទៅតាមការកំណត់។
ក្នុងមួយថ្ងៃៗមានរ៉ឺម៉កដឹកបន្លែផ្លែឈើ និងទំនិញផ្សេងៗពីស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង រាប់រយគ្រឿង ដូច្នេះលោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង ប្រមូលលុយបានយ៉ាងច្រេីន ក្នុង១ខែៗ។
ប្រភពស្និទ្ធនឹងលោក ស ថេន បានឲ្យដឹងថាក្រុមឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញគេចពន្ធពីស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ស ថេន ដែលកំពុងល្បីល្បាញខ្លាំងខាងពុករលួយ។
បញ្ហានេះលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍គួរពិនិត្យឡើងវិញខ្លះផង ព្រោះអំពើពុករលួយរបស់លោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ជារឿងមិនអាចបិទបាំងបានទេ។
ជាក់ស្ដែងអំពើពុករលួយរបស់លោក ស ថេន ត្រូវបានក្រុមឈ្មួញ និងអាជីវករលាតត្រដាងជាបន្តបន្ទាប់ ហើយការដែលលោក ស ថេន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំគ្មាននរណាហ៊ានប៉ះពាល់៕