កំពង់ស្ពឺ ÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា អ្នកជំនួញរកស៊ីឈើល្បីឈ្មោះ ណុប ឌី មេឈ្មួញចាស់វស្សា គ្រៀងគរឲ្យបក្សពួករបស់ខ្លួន នៅតែបន្តកាប់ដើមឈើតូច ធំ ដឹកជញ្ជូនចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ដោយឆ្លងកាត់់មុខស្នាក់ការបរិស្ថាន និងស្នាក់ការមេព្រៃ និងសមត្ថកិច្ចជំនាញពាក់់ព័ន្ធនៅចំណុចភូមិសាស្ត្រនោះ មិនចាត់វិធានការបង្ក្រាប ទុកឲ្យបុគ្គលរូបនេះធ្វើអ្វីៗ តាមអំពើចិត្ត។
ជាក់ស្តែងកាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ រថយន្តកូរ៉េធុនធំមួយគ្រឿង បានដឹកឈើចេញចំណុចតាសាល ក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមទេទឹកពុះ ឆ្លងកាត់មុខស្នាក់ការបរិស្ថានមកទីរួមស្រុកឱរ៉ាល់ ដើម្បីស្តុបទុកក្នុងខេត្តកំពង់ស្ពឺ ឆ្ពោះទៅលក់តាមខេត្តនានា ដោយគ្មានការរំខាន់ពីមន្ត្រីជំនាញមានសមត្ថកិច្ចនោះទេ។
មជ្ឈដា្ឋនខាងក្រៅ .! បានរិះគន់ចំៗ ទៅលើសមត្ថកិច្ចពាក់ពន្ធ័ក្នុងស្រុកឱរ៉ាល់ និងមន្ត្រីជំនាញមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ ជាអ្នកបើកភ្លើងខៀវ ឲ្យឈ្មោះ ណុប ឌី មេឈ្មួញជើងខ្លាំងប្រចាំស្រុកឱរ៉ាល់ ទើបរកស៊ីបទល្មើសកាប់បំផ្លាញព្រៃឈើ បានដោយរលូន រីឯមេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ធ្វើមិនដឹងមិនឬអ្វីទាំងអស់។
សូម្បីតែ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក សម សាមួន ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំង លោក ជូ សារុន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មិនហ៊ានប៉ះពាល់មេឈ្មួញឈេីដុះស្លែឈ្មោះ ណុប ឌី នោះដែរ ប្រហែលជាមានខ្នងបង្អែករឹងមាំនៅពីក្រោយខ្នង ទើបបណ្ដែតបណ្ដោយឲ្យដឹកជញ្ជូនឈើប្រណិតខុសច្បាប់ តាមទំនើងចិត្ត។
សកម្មភាពបទល្មើសព្រៃឈើរបស់មេឈ្មួញឈ្មោះ ណុប ឌី ដឹកជញ្ជូនចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ភាគច្រើនឈើទាំងនោះ ប្រមូលទិញឈើ ពីជួរភ្នំក្រវ៉ាញពាក់កណ្តាលក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងមួយផ្នែកទៀត ក្នុងខេត្តកំពង់ស្ពឺ កើតមានឡើងយ៉ាងគំហុក ។
លោក ហ៊ុល ម៉ារ៉ា ប្រធានការពារដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានប្រាប់នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះថា ពាក់ព័ន្ធករណីឈ្មោះ ណុប ឌី ដែលជាឈ្មួញរកស៊ីបទល្មើសព្រៃឈើដូចជាបាត់យូរមកហើយ! ប៉ុន្តែព័ត៌មានក្នុងស្រុកចុះផ្សាយនៅតែបន្តលួចឆ្មក់កាប់ដឹកជញ្ជួនជាហូរហែ គ្មានសមត្ថកិច្ចជំនាញណាម្នាក់ តាមដងផ្លូវចាត់វិធានការបង្ក្រាប។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៍ដូចជាប្រជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុកឱរ៉ាល់បានអំពាវនាវដល់គណៈកម្មការថ្នាក់ជាតិទប់ស្កាត់ ដេីម្បីបង្ក្រាបបទល្មើសព្រៃឈេីធនធានធម្មជាតិ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បេីមិនដូច្នោះទេព្រៃឈើនៅសេសសល់បន្តិចបន្តួច ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ពិតជាវិនាសអស់ក្រោមស្នាដៃមេឈ្មួញឈ្មោះ ណុប ឌី និងគូរកន ជាក់ជាពុំខាន់ឡើយ៕