ព្រះវិហារ÷ ប្រភពព័ត៌មានពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា កន្លងមកឈ្មួញឈ្មោះ ចាប សារ៉ន បានធ្វើសកម្មភាពកាប់ដើមឈើតូចធំ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ចំណុចព្រំប្រទល់3ខេត្តគឺខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង យ៉ាងបន្ទុក។
បច្ចុប្បន្នឈ្មួញឈ្មោះ ចាប សារ៉ន ធ្វើសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងគំហុកទាំងយប់ទាំងថ្ងៃ ព្រោះមានការបើកដៃពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដែលគិតតែពីរឿងប្រមូលលុយ។
រីឯលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងលោក គីម រិទ្ធីអភិបាលខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបសកម្មភាពបំផ្លាញព្រៃឡង់ ក្នុងស្រុករវៀង នោះទេ។
តាមការលើកឡើងរបស់មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺ ឈ្មួញឈ្មោះ ចាប សារ៉ន មិនអាចកាប់ឈើ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ បានឡេីយ។
ទាល់តែមានការបើកដៃពីសំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ ទើបឈ្មួញឈ្មោះ ចាប សារ៉ន អាចធ្វើសកម្មភាពបំផ្លាញព្រៃឡង់ ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។
សូម្បីតែលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ក៏មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចាប សារ៉ន នោះដែរ។
ប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង បានអំពាវនាវឲ្យលោក គីម រិទ្ធីអភិបាលខេត្តព្រះវិហារ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់សកម្មភាពបំផ្លាញព្រៃឡង់ ក្នុងស្រុករវៀង ជាបន្ទាន់។
ទន្ទឹមនឹងនេះប្រជាពលរដ្ឋក៏អំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការបង្ក្រាបបទល្មើសបំផ្លាញព្រៃឡង់ ក្នុងស្រុករវៀង ស្រុកជ័យសែន ខេត្តព្រះវិហារ ឲ្យបានឆាប់ និងប្រកបដោយប្រសិទ្ធភាព។
ដោយហេតុថា ឥឡូវនេះឈ្មួញឈ្មោះ ចាប សារ៉ន ដែលអាងមានខ្នងបង្អែករឹងមាំធ្វើសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ យ៉ាងរលូន ហើយមន្ត្រីជំនាញ និងសមត្ថកិច្ចមិនបង្ក្រាប ទុកឲ្យបុគ្គលរូបនេះធ្វេីអ្វីៗតាមអំពេីចិត្ត៕