ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានបញ្ជាក់ឲ្យដឹង អ្នកដែលហ៊ានបើកល្បែងចាក់បាល់មានយីហោ333 តួហ្គេមបាញ់ត្រី និងល្បែងផ្សេងៗជាច្រើនប្រភេទទៀត ភ្នាល់តាមអនឡាញយ៉ាងពេញបន្ទុក ប្រហែលជាបុគ្គលម្នាក់នោះ មានខ្នងបង្អែករឹងមាំ នៅពីក្រោយ ទើបហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត។
ក្រោយពីស្ងប់ស្ងាត់មួយរយៈ ល្បែងចាក់បាល់តាមអនឡាញ និងហ្គេមបាញ់ត្រី ចាប់ផ្តើមដំណើរការវិញហើយ បើកលេងយ៉ាងពពាក់ពពូន ក្នុងសង្កាត់បាវិត ក្រុងបាវិត ដោយរលូន ធ្វើឲ្យបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភអំពីសុខសុវត្ថិភាព ខ្លាចកើតមានដូចជា ចោរលួច.ឆក់.ប្លន់.អំពើហឹង្សាគ្រូសារជាដើម និង រីករាលដាលគ្រឿងញៀន គូរឲ្យកត់សម្គាល់ថែមទៀតផង ។
គូររម្លឹកថា ! កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងភ្នាល់ស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
លើសពីនេះទៅទៀត កាលពីថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ក្រឡា ហោម សខេង បានចេញលិខិតបង្គាប់ការមួយបញ្ជាឲ្យ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស បែរជាលោក អែម សុវណ្ណារិទ្ធ អធិការដ្ឋាននគរបាលក្រុងបាវិត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន ហ៊ានផ្គើនបទបញ្ជា ប្រមុខថ្នាក់ដឹកនាំកម្ពុជាទៅវិញ។
ហេតុនេះ លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិនិត្យឡើងវិញជាបន្ទាន់ ចំពោះភាពអសកម្ម របស់លោក អែម សុវណ្ណារិទ្ធ អធិការដ្ឋាននគរបាលក្រុងបាវិត និងលោកលឹម សៀង ហេង អភិបាលក្រុងបាវិត ព្រមទាំង មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បណ្តែតបណ្តោយឲ្យមាន ល្បែងចាក់បាល់តាមអនឡាញ និងតួហ្គេមបាញ់ត្រី ជាច្រើនទីតាំងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ ក្នុងដែនដីរបស់ខ្លួនឡើយ។
ប្រជាពលរដ្ឋរស់នៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានអំពាវនាវដល់ឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងថ្នាក់ដឹកនាំក្រសួងគ្រប់ស្ថាប័ន ចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យភាពមិនប្រក្រតី ចំពោះបុគ្គល និងបក្សពួក ដែលហ៊ានបើកល្បែងចាក់បាល់ ភ្នាល់តាមអនឡាញ ជាពិសេស ហ្គេមបាញ់ត្រី រីកដូចផ្សិតនៅក្រុងបាវិត ចាត់វិធានការបង្ក្រាបជាបន្ទាន់ ដើម្បីបង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម៕