ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើ ក្នុងខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា សកម្មភាពមេឈ្មួញដុះស្លែដឹកជញ្ជូនធ្យូងរត់ពន្ធចេញទៅស្រុកយួនតាមច្រករបៀងជ័យឃ្លាំង ស្រុកស្នួល ខេត្តក្រចេះ នៅតែកើតឡើងយ៉ាងពេញបន្ទុក គ្មានសមត្ថកិច្ចជំនាញពាក់ពន្ធ័ចាត់វិធានការបង្ក្រាប ទុកឲ្យបុគ្គលរូបនោះ ធ្វេីអ្វីៗ តាមអំពើចិត្ត ។
ប្រជាពលរដ្ឋបានបញ្ជាក់ថារយៈពេលប៉ុន្មានយប់កន្លងទៅនេះឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនធ្យូងតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿង និងរថយន្តកែឆ្នៃ ចូលតាមច្រកអូរតាលាវ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ហើយរត់ពន្ធចេញទៅស្រុកយួន ឆ្ពោះតាមច្រករបៀងជ័យឃ្លាំង យ៉ាងគំហុកទាំងយប់ទាំងថ្ងៃ ។
ដោយឡែកមន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថស្រុកស្នួល និងសមត្ថកិច្ចនគរបាលស្រុកស្នួល មិនបង្ក្រាបក្រុមឈ្មួញរត់ពន្ធដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនទេ ទំនងខ្លាចបាត់បង់ផលប្រយោជន៍។
ក្នុងនោះមេឈ្មួញដុះស្លែ ឈ្មោះ យ៉ាន ឃុនមន្នី ធ្វើសកម្មភាពដឹកជញ្ជូនចេញទៅស្រុកយួនខ្លាំងក្លាជាងគេ ព្រោះឈ្មួញម្នាក់នេះត្រូវបានគេដឹងថា ជាប្រភពចំណូលរបស់មេpMស្រុកស្នួលនិងមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកស្នួល។
ទន្ទឹមនឹងនេះមានឈ្មួញជាច្រើននាក់នៅតែអាចបន្តសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចូលទៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង យ៉ាងរលូន ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចគិតតែពីរឿងប្រមូលលុយ។
ហេតុនេះទេីបសង្គមស៊ីវិលបានអំពាវនាវឲ្យលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ពិនិត្យឡើងវិញខ្លះផង ចំពោះករណីឈ្មួញឈ្មោះ យ៉ាន ឃុនមន្នី និងឈ្មួញដទៃទៀតដឹកជញ្ជូនធ្យូងឆ្លងកាត់ស្រុកស្នួល រត់ពន្ធចេញទៅស្រុកយួនយ៉ាងគឃ្លើន សមត្ថកិច្ចពាក់ព័ន្ធសម្ងំស្ងាត់ឈឹង ។
ដោយហេតុថាលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកស្នួល មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដែលសម្រុកដឹកជញ្ជូនធ្យូងរត់ពន្ធទៅស្រុកយួនឡេីយ។
ដូច្នេះហើយទើបប្រជាពលរដ្ឋ រស់នៅស្រុកស្នួលក្នុងខេត្តក្រចេះ ទទូចសំណូមពរដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាគណៈកម្មាការថ្នាក់ជាតិ ដេីម្បីបង្ក្រាបបទល្មើសព្រៃឈើធនធានធម្មជាតិ ចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យភាពមិនប្រក្រត្រីជាបន្ទាន់ ចំពោះ
មេឈ្មួញធ្យូង ឈ្មោះ យ៉ាន ឃុនមន្នី បេីមិនដូច្នេះទេ ព្រៃឈើដែលនៅសេសសល់បន្តិចបន្ទួច ពិតជាវិនាសក្រោមស្នាដៃ បក្សពួកឈ្មួញដឹកជញ្ជូនរត់ពន្ធធ្យូងទៅស្រុកយួនតាមច្រកជ័យឃ្លាំង ហៅដេបី ជាក់ជាពុំខាន់៕