ក្រចេះ ÷ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា សកម្មភាពឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនតាមច្រករបៀងជ័យឃ្លាំង ស្រុកស្នួល ខេត្តក្រចេះ នៅតែកើតឡើងពេញបន្ទុក ព្រោះគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ឡើយ។
ប្រជាពលរដ្ឋបានបញ្ជាក់ថារយៈពេលប៉ុន្មានយប់កន្លងទៅនេះឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនធ្យូងតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងចូលតាមច្រកអូរតាលាវ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ហើយចេញទៅស្រុកយួនតាមច្រករបៀងជ័យឃ្លាំង តាមអំពើចិត្ត។
មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថស្រុកស្នួល និងសមត្ថកិច្ចនគរបាលស្រុកស្នួល មិនបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនទេទំនងខ្លាចបាត់បង់ផលប្រយោជន៍។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ទាល់តែមានការបើកដៃពីមេPNមស្រុកស្នួលនិងមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទើបឈ្មួញអាចដឹកជញ្ជូនឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។
ក្នុងនោះមេឈ្មួញដុះស្លែ ឈ្មោះ យ៉ាង ឃុនមន្នី ធ្វើសកម្មភាពដឹកជញ្ជូនចេញទៅស្រុកយួនខ្លាំងក្លាជាងគេ ព្រោះឈ្មួញម្នាក់នេះត្រូវបានគេដឹងថាជាប្រភពចំណូលរបស់មេpMស្រុកស្នួលនិងមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទៅស្រុកស្នួល។
ទន្ទឹមនឹងនេះមានឈ្មួញជាច្រើននាក់នៅតែអាចបន្តសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចូលទៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង យ៉ាងរលូន ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចគិតតែពីរឿងប្រមូលលុយ។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ពិនិត្យឡើងវិញខ្លះផង ចំពោះករណីឈ្មួញឈ្មោះ យ៉ាងឃុនមុន្នី និងឈ្មួញដទៃទៀតដឹកជញ្ជូនធ្យូងឆ្លងកាត់ស្រុកស្នួល ចេញទៅស្រុកយួនយ៉ាងគឃ្លើន។
ដោយហេតុថាលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកស្នួល មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដែលសម្រុកដឹកជញ្ជូនធ្យូងទៅស្រុកយួននោះទេ។
ដូច្នេះហើយទើបឈ្មួញអាចធ្វើសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន យ៉ាងពេញបន្ទុក ព្រោះមានការបើកដៃពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងសុខស្រួល។