កណ្ដាល៖ ប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាល មួយចំនួនបានបង្ហើបឲ្យដឹងថាក្រោយ លោក អន ស៊ីនួន មិនចាត់វិធាន ការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធ មិនគ្រប់ឆ្លងកាត់ខេត្តកណ្ដាល នោះទេ។
ផ្ទុយ ទៅវិញ លោក អន ស៊ីនួន ទំនងជាចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល ទើបខំប្រឹងស្រង់ដើមតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពដែលស្និទ្ធនឹងលោក អន ស៊ីនួន បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល គឺលោក អន ស៊ីនួន កំពុងអនុវត្តន៍តាមបទពិសោធន៍របស់លោក វ៉ូ វណ្ណា អតីតប្រធានសាខាគយខេត្តកណ្ដាលដើម្បីប្រមូលលុយយ៉ាងសុខស្រួល។
ក្រុមឈ្មួញធំៗនិងអាជីវករ ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្លូវជាតិផ្សេងៗទៀតចូលមករាជធានីភ្នំពេញ គឺជាប្រភពចំណូលរបស់លោក អន ស៊ីនួន តែម្តង។
ជាក់ស្ដែងតាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល គឺលោក អន ស៊ីនួន មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់នោះទេ ហើយមានតែសម្របសម្រួលឲ្យឈ្មួញទាំងនោះដឹកទំនិញទៅដល់គោលដៅប្រកបដោយសុវត្ថិភាព។
ទន្ទឹមនឹងនេះនៅច្រកជ្រៃធំ និងច្រកផ្សេងទៀត ក្រុមឈ្មួញអាចនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងរលូនដូចកាលពីជំនាន់លោក វ៉ូ វណ្ណា នៅធ្វើជាប្រធានសាខាគយខេត្តកណ្ដាល ផងដែរ។
ប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាលបានឲ្យដឹងថាក្រុមឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិនានាចូលទៅរាជធានីភ្នំពេញ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក អន ស៊ីនួន ដើម្បីសម្រួលដល់អាជីវកម្មរបស់ពួកគេ។
លើសនេះទៅទៀតលោក អន ស៊ីនួនបានបើកដៃឲ្យក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល គាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិជាច្រើនខ្សែក្នុងខេត្តកណ្ដាលស្រេចតែអំពើចិត្តបើទោះបីឈ្មួញខ្លះដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ។
បេីតាមការបង្ហើប ពីពួកឈ្មួញរកសុីដឹកទំនិញក្នុងខេត្តកណ្ដាល បានឲ្យដឹងថា លោក អន ស៊ីនួន ឡើងកាន់តំណែងជាប្រធានសាខាគយខេត្តកណ្ដាល តាំងពីរសៀលថ្ងៃទី២៨ ខែមករាឆ្នាំ២០១៩ ហើយរហូតមកដល់ពេលនេះលោក អន ស៊ីនួន មិនទាន់ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់បានមួយករណីនៅឡើយទេ។
ករណីនេះសូមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនគួរបណ្ដែតបណ្ដោយឲ្យលោកអន ស៊ីនួន ប្រធានសាខាគយខេត្តកណ្ដាល ធ្វើអ្វីៗតាមអំពើចិត្តនោះឡើយ៕