បន្ទាយមានជ័យ ÷ ប្រភពពីឈ្មួញធំៗ និងអាជីវករដែលនាំទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ បានបញ្ជាក់ឲ្យដឹងថា ក្រុមមន្ត្រីគយចល័តតំបន់5 ឈរជើងនៅទីស្នាក់ការចំណុចគល់ស្ពានទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ល្បីល្បាញខាងប្រមូលលុយតាមរបៀបពុករលួយ គ្មានឈ្មួញណាម្នាក់ហ៊ានតវ៉ានោះទេ ។
តាមការបង្ហើបពីមន្ត្រីគយតូចតាច បានឲ្យដឹងទៀតថា ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់5 ឬហៅថាមេគយចល័តតំបន់5ទេនោះ គឺក្រុមមន្ត្រីគយចល័តប្រចាំស្នាក់ការចំណុចគល់ស្ពានទឹកថ្លា ផ្លូវជាតិលេខ5 មិនហ៊ានប្រព្រឹត្តអំពើពុករលួយ ដូចសព្វថ្ងៃនេះដែរ។
ហេតុនេះហើយទើបមានការជំរុញឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យទៅលើអំពើពុករលួយរបស់លោក ឈួន សោភា មេគយចល័តតំបន់5ខ្លះផង។
ប្រភពស្នឹទ្ធនឹងលោក ឈួន សោភា បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបលោក ឈួន សោភា មេគយចល័តតំបន់5 មិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយ។
លោក ឈួន សោភា មិនញញើតចំពោះវិធានការណាមួយរបស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជានោះទេ ព្រោះខ្នងបង្អែករបស់លោក ឈួន សោភា មានឥទ្ធិពលខ្លាំងជាងលោក គុណ ញឹម ទៅទៀត។
ជាក់ស្ដែងកន្លងមក លោក ឈួន សោភា ត្រូវបានដកហូតតំណែងត្រឹមមួយរយៈពេលខ្លីក៏អាចវិលត្រឡប់ទៅកាន់តំណែងជាមេគយចល័តតំបន់5ឡើងវិញយ៉ាងក្រអឺតក្រទម។
ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ក្នុងខេត្តបន្ទាយមានជ័យ ចូលមករាជធានីភ្នំពេញ និងចូលទៅខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្នក្រុមមន្ត្រីគយចល័តប្រចាំស្នាក់ការចំណុចគល់ស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ នៅតែគាបយកលុយលើតុក្រោមតុពីពួកគាត់ដូចមុនដដែល។
ក្រុមមន្ត្រីគយចល័តតំបន់5ប្រចាំស្នាក់ការចំណុចគល់ស្ពានទឹកថ្លា តែងប្រើឈ្មោះ លោក ឈួន សោភា មេគយចល័តតំបន់5 ដើម្បីការពារទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់ពួកគេជាប្រចាំ។
ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអំពើអាក្រក់ និងអំពើពុករលួយរបស់លោក ឈួន សោភា មេគយចល័តតំបន់5 ត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ៕