កណ្ដាល ៖ ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ទួលលើផ្លូវជាតិលលេខ៣ បញ្ជាក់ឲ្យអ្នកសារព័ត៌មាន យេីងដឹងថា សព្វថ្ងៃនេះលោក ចេង ឃីម ប្រធានជញ្ជីង កំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួលទោះរថយន្តធំៗផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបែរជាធ្វើមិនដឹងមិនឮ អ្វីទាំងអស់។
មេឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញ ចេញពីស្រុកយួន តាមច្រកទ្វារអន្តរជាតិព្រំដែនភ្នំដិន និងច្រកទ្វារអន្តរជាតិព្រំដែនព្រែកចាក ឆ្លងកាត់ផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិ កំពង់ទួល ស្រុកកណ្ដាលស្ទឹង
ខេត្តកណ្ដាលនោះដែរ។
ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានបន្ថែមទៀតថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅបណ្ដាលខេត្តនានា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ទួល ស្រុកកណ្តាលស្ទឹង ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ និងបក្សពួកប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ។
ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក គង់ សោ ភណ្ឌ័ អភិបាលខេត្តកណ្ដាលក៏ដូចជាលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់ លោក ចេង ឃីម ប្រធានជញ្ជីងថ្លឹងរថយន្តនិងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ភូមិកំពង់ទួល ជាបន្ទាន់ ។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងបានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ទួល តាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចស្រុកកណ្ដាលស្ទឹង គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធធំៗ នៅខាងលើផងដែរ។
ជាការពិត ឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តវ៉េអងធំៗ រថយន្តសណ្ដោងកន្ទុយសណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ទួល ដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ខ្នាចធំដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវខូចស្ពានឡេីយ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិកំពង់ទួល ស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ពេលរថយន្តធំៗ ដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបរ រថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យ លោក ចេង ឃីម ប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍កំពង់ទួល តាមការកំណត់ដោយមិនអាចតវ៉ាបាន
នោះទេ។
ប្រសិនបើឈ្មួញឬអាជីវករណាម្នាក់ហ៊ានតវ៉ាប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៣ ក្នុងភូមិកំពង់ទួល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល រករឿងឲ្យរើទំនិញចុះឡើង
តាមទំនេីងចិត្ត របស់ពួកគេជាមិនខាន់ ។
ហេតុនេះហើយទើបរថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេសនៅតែអាចបើកបរលើផ្លូវជាតិលេខ ៣ យ៉ាងគគ្រឹកគគ្រេង បណ្ដោយឲ្យខូចផ្លូវខូចស្ពាន ជាបន្តបន្ទាប់ ។
បញ្ហានេះគឺជារឿងដែលលោកស៊ុន ចាន់ ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក សេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេព្រោះក្រុមជញ្ជីងថ្លឹងរថយន្តលើ ផ្លូវជាតិលេខ៣ ស្រុកកណ្តាលស្ទឹង កំពុងក្លាយទៅជាជញ្ជីងថ្លឹងលុយ៕