ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាបាលដែលឃ្លាំមើលបទល្មើសព្រៃឈើ ក្នុងខេត្តព្រះវិហារ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន PNT កំពុងធ្វើសកម្មភាពឲ្យពលរដ្ឋខែ្មរ ចូលកាប់ អា ជៀក ផ្ដួលរំលំ ប្រភេទដើមឈើទាល ស្រឡៅ ពពេល គគី ត្រាច ដួងចែម ផ្ដៀក លំបោរ ស្ទៀងជាដើម មានមុខកាត់ធំៗ ចាប់ពី ០.៤០ម៉ែត្រដល់ ១.១០ម៉ែត្រ នៅចំណុចភូមិសាស្ត្រដែនព្រៃអភិរក្សតំបន់ព្រៃឡង់ យ៉ាងពេញបន្ទុក រីឯ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ជាអ្នកបើកភ្លើងខៀវ ទើបបក្សពួកឈ្មួញ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
សូម្បីតែលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារនិងលោក កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះហារ ព្រមទាំងលោក សួស ដារ៉ា ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មិនហ៊ានប៉ះពាល់ក្រុមឈ្មួញនោះទេ បច្ចុប្បន្នពួកឈ្មួញកាប់បំផ្លិចបំផ្លាញព្រៃការពារសហគមន៏ព្រៃឡង់ ជិតរលាយសាបសូន្យអស់ហេីយ។
មជ្ឈដ្ឋានខាងក្រៅ! បានរិះគន់ចំៗថា បើក្រុមហ៊ុន PNTហៅ៩៧ ប្រហែលមានខ្នងបង្អែករឹងមាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងត្រូវរ៉ូវ ជាមួយស្ថាប័នមន្ត្រីជំនាញពាក់ព័ន្ធ ជាអ្នកបើកដៃ ទើបមេការហ៊ានគ្រៀងគរពលរដ្ឋខ្មែរ ឲ្យចូលកាប់ព្រៃឈើយ៉ាងរង្គាល គ្មានការទប់ស្កាត់ពីសំណាក់ លោក នួន សុខុម មេព្រៃខេត្តព្រះហារ ទល់តែសោះ។
លើសពីនេះទៅទៀតសកម្មភាព ក្រុមឈ្មួញដែលមកសុីស្នួលឲ្យក្រុមហ៊ុន PNT ចូលកាប់ឈើ នាពេលថ្មីៗនេះ បន្ទាប់មកប្រមូលឈើដឹកជញ្ជានតាមគោយន្តកន្ត្រៃយ៍ ជាច្រើនគ្រឿងរួចហើយ បន្តលើកដាក់ក្នុងរថយន្តវ៉េអង ចេញតាមក្រុមហ៊ុនចំការកៅស៊ូ ជាប់ខេត្តព្រះវិហារ ឆ្លងកាត់ទៅខេត្តកំពង់ធំ យ៉ាងសុខស្រួលបំផុត គ្មានមន្ត្រីជំនាញហ៊ានប៉ះពាល់នោះទេ ។
ផ្ទៃដីវិនិយោគប៉ុណ្ណាទៅ ! របស់ក្រុមហ៊ុន PNT នេះនៅមានឈើ កាប់បន្តទៀតយ៉ាងពេញបន្ទុករាល់ថ្ងៃ បើយោងទៅតាមការចោទសួរនិងចម្ងល់ ពីមហាជនពិសេសប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រនោះ បានសួរទៅមន្ត្រីជំនាញសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន យ៉ាងចាស់ដៃ ចុះត្រួតពិនិត្យជាបន្ទាន់ កុំឲ្យរាលដាលដល់ដែនដីការពារ ព្រៃឈើរបស់រដ្ឋ។
ប្រជាពលរដ្ឋ រស់នៅភូមិបង្កន ឃុំរៀបរយ ស្រុករវៀង អំពាវនាវដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជាប្រធានគណះកម្មាធិការថ្នាក់ជាតិ បង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ ចាត់មន្ត្រីក្រោមឱវាទ ក្នុងខេត្តព្រះវិហារ ចុះពិនិត្យចំពោះទីតាំងក្រុមហ៊ុន PNT ជាបន្ទាន់ បើមិនដូច្នោះទេ ព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ត្រូវរងការវិនាសហិនហោចអស់ ក្រោមស្នាដៃបក្សពួកឈ្មួញជាក់ជាពុំខាន់ឡើយ៕