ស្ទឹងត្រែង ÷ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមេីល បទល្មើសព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញបច្ចុប្បន្នកំពុងគ្រៀងគរ ប្រជាពលរដ្ឋខែ្មរឲ្យចូល កាប់ អា ជៀក ផ្ដួល រំលំ ដើមឈើធំៗ សម្រុកធ្វេីសកម្មភាពដឹកជញ្ជូន ចេញពីព្រៃអភិរក្សវិរះជ័យ យកមករក្សាទុកនៅចំណុច ភូមិខ្សាច់ថ្មី ឃុំតាឡាត់ ស្រុកសេសាន យ៉ាងពេញបន្ទុក ប្រហែល២០០ ម៉ែត្រគីប ត្រៀមលើកដាក់ឡានវ៉េអង គ្របតង់ជិត ឆ្លងដែនទៅស្រុកយួន ដោយរលូន ។
មជ្ឃដ្ឋានខាងក្រៅ .! និងពលរដ្ឋក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាត់ ស្រុកសេសាន បានរិះគន់ចំៗទៅលេី មេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងប្រធានបរិស្ថានខេត្តស្ទឹងត្រែង ព្រមទាំងប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ជាអ្នកបេីកភ្លើងខៀវ ទេីបបក្សពួកឈ្មួញ ហ៊ានដឹកជញ្ជូនឈើចេញពីដែនអភិរក្សវិរះជ័យ យកទៅលក់ចែកចាយតាមបណ្តាខេត្តនានា និងតម្រូវលេីទីផ្សារសេរី គ្មានការទប់ស្កាត់ឡេីយ។
សូម្បីតែ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក អៀង វណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ព្រមទាំងលោក អួត ស៊ីវត្ថា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មិនហ៊ានប៉ះពាល់ឈ្មួញឈើជើងខ្លាំងនោះទេ ទុកឲ្យដឹកជញ្ជូនយកទៅលក់តាមអំពើចិត្ត។
ប្រភព ស្និទ្ធនឹងឈ្មួញឈើ បានឲ្យដឹងទៀតថា បក្សពួកឈ្មួញកំពុងសម្រុកដឹកជញ្ជូនឈើកាត់ តាមមាត់ទន្លេសេសាន យកមកលាក់ទុកហួសប៉ុស្តិ៍រដ្ឋបាលតាឡាត់ ប្រហែលជាងមួយពាន់ម៉ែត្រ រីឯមន្ត្រីជំនាញសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង ធ្វេីមិនដឹងមិនឬអ្វីទាំងអស់។
បញ្ហានេះឈ្មួញឈើធំៗ ព្រមទាំងបក្សពួកហ៊ានកាប់បំផ្លិចបំផ្លាញផលអានុផលព្រៃឈើ ក្នុងភូមិសាស្ត្រព្រៃឡង់ និងព្រៃអភិរក្សវិរះជ័យ ក្នុងទឹកដីខេត្តស្ទឹងត្រែង ប្រហែលជាបុគ្គលរូបនោះ មានខ្នងបង្អែករឹងមាំ នៅពីក្រោយខ្នងទេដឹង បានជាមន្ត្រីជំនាញសមត្ថកិច្ចពាក់ពន្ធ័មិនចាត់វិធានការបង្ក្រាប។
ប្រជាពលរដ្ឋរស់នៅ ភូមិខ្សាច់ថ្មី ឃុំតាឡាត់ ស្រុកសេសាន ក៍ដូចជាប្រជាសហគមន៍ការពារដែនអភិរក្សព្រៃឡង់ និងព្រៃអភិរក្សវិរះជ័យ បានអំពាវនាវដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការថ្នាក់ជាតិដេីម្បីទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បេីមិនដូច្នោះទេព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច វិនាសហិនហោចសាបសូន្យអស់ក្រោមស្នាដៃ មេឈ្មួញឈើចាស់វស្សា និងបក្សពួកខ្លួនជាក់ជាពុំខាន់ឡេីយ៕