ព្រះវិហារ ៖ ប្រភពពីប្រជាសហគមន៍ក្នុងភូមិស្រែធ្នង់ ឃុំរម្មណីយ៍ ស្រុករវៀង កំពុងរងការកាប់បំផ្លាញនិងទន្ទ្រានដាក់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយទាំងយប់ទាំងថ្ងៃ ដោយមានឃុបឃិតពីមន្ត្រីធំៗ នៅក្នុងខេត្តព្រះវិហារ រំលោភយកដីធ្វើជាកម្មសិទ្ធិពីសំណាក់ជនខិលខូចមួយចំនួន។
សហគមន៍ភ្នំព្រះលាន និយាយថា សហគមន៍ភ្នំព្រះព្រលាន មានផ្ទៃដីសរុបចំនួន300ហិចតាក្នុងចំណោមដី ១,៨៦៩ហិកតា ប៉ុន្តែ ផ្ទៃដីមួយចំនួនប្រជាពលរដ្ឋបានអាស្រ័យផល ធ្វើស្រែចំការជាយូរណាស់មកហើយ។
ប្រធានសហគមន៍ភ្នំព្រះលានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ប្រជាពលរដ្ឋរស់នៅភូមិស្រែធ្នង់ និងភូមិមួយចំនួនទៀត គឺមានមុខរបរពឹងផ្អែកតែនឹងព្រៃសហគមន៍ ភ្នំព្រះព្រលាននោះទេ ដូចជា ដើររកវល្លិ៍ ផ្តៅ រកផ្លែឈើ រកផ្សិត.ជាដើម។
ប៉ុន្តែមកដល់ពេលនេះព្រៃសហគមន៍ភ្នំព្រះលាន ត្រូវបានជនខិលខូចលួចកាប់បំផ្លាញអស់ប្រហែល៦០% ។
បើតាមពីប្រជាសហគមន៍បានឲ្យដឹងថា មកដល់ពេលនេះព្រៃឈើមួយចំនួនក្នុងសហគមន៍ភ្នំព្រះព្រលាន ត្រូវបានជនខិលខូចលួចកាប់គាស់ផ្តួលរំលំ និងដាក់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយទាំងយប់ទាំងថ្ងៃធ្វើជាកម្មសិទ្ធ។
មជ្ឈដ្ឋានខាងក្រៅ! ក៏ជាប្រជាពលរដ្ឋ ក្នងភូមិស្រែធ្នង់ ឃុំរម្មណីយ៍ ស្រុករវៀង បានអំពាវនាវដល់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចាត់វិធានការទប់ស្កាត់ករណីកាប់បំផ្លាញព្រៃឈើនេះផង បើពុំដូច្នេះទេសហគមន៍ភ្នំព្រះព្រលាន ប្រឈមនឹងការហិនហោចទៅថ្ងៃខាងមុខជាក់ជាមិនខាន។
ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារបានរិះគន់ចំៗថាមូលហេតុអ្វី ដីដែលជាប់ពាក់ព័ន្ធក្នុងព្រៃសហគមន៍ សម្រេចពីព្រះមហាក្សត្របែរជាមន្ត្រីធំៗមានលុយមានអំណាចថ្លើមធំហ៊ានចេញបណ្ណ័កម្មសិទ្ធិស្របច្បាប់ទៅវិញនេះជាការរំលោភលើព្រះរាជក្រឹតរបស់ព្រះមហាក្សត្រ៕