មណ្ឌលគិរី ÷ មួយរយ: ចុងក្រោយ នេះ ចាប់ពីដើមខែកុម្ភៈ រហូតដល់បច្ចុប្បន្ន ឆ្នាំ២០២៣ ក្រុមឈ្មួញ កំពុងសម្រុកដឹកជញ្ជូនឈើប្រណិតមុខកាត់ធំៗ ចេញពីស្រុកអូររាំង យកទៅលក់នៅស្រុកយួន យ៉ាងគគ្រឹកគគ្រេងសារជាថ្មីទៀតហើយ ចំពោះ លោក មេព្រៃឈើ ខេត្តមណ្ឌលគីរី និងប្រធានបរិស្ថានខេត្តមណ្ឌលគីរី ជាអ្នកបេីកភ្លើងខៀវ ទេីបពួកមេឈ្មួញហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត ។
ប្រភពបានឲ្យដឹងទៀតថា ឈ្មោះ លីន និងឈ្មោះ រដ្ឋ ឈ្មោះ ចែ សក់ក្រហម បុគ្គលទាំងបីនាក់នេះហើយ ជាអ្នកបំផ្លិចបំផ្លាញព្រៃឈើ នៅចំណុចដែនអភិរក្សស្រុកអូរាំង និងស្រុកកែវសីមា ឆ្ពោះយកទៅស្រុកយួន តាមទំនេីងចិត្ត សង្ស័យឈ្មួញឈើខុសច្បាប់ទាំងនោះ បានសែនព្រេនឲ្យសមត្ថកិច្ចជំនាញ តាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកព្រំដែន រួចអស់ហើយ ទើបពួកឈ្មួញទាំងនោះ ហ៊ានដឹកជញ្ជូនបទល្មើសព្រៃឈើទាំងយប់ទាំងថ្ងៃ យ៉ាងសុខស្រួលបំផុត។
មហាជន បានរិះគន់ចំៗ ទៅលេី លោក ស៊ី ថា មន្ត្រីបរិស្ថាន នាយករងដែនសីមា និងលោក ឈាង ណាក់ នាយផ្នែកសង្កាត់រដ្ឋបាលព្រៃឈើ ជាអ្នកបើកដៃឲ្យក្រុមឈ្មួញឈើ ទាំងនោះ ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ចេញពីដែនការគ្រប់គ្រងរបស់ខ្លួន យកទៅលក់នៅស្រុកយួន យ៉ាងពេញបន្ទុក។
សូម្បីតែ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី និង លោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មិនហ៊ានប៉ះពាល់ ឈ្មួញឈើឈ្មោះ លីន និងឈ្មោះ ចែសក់ក្រហម ព្រោះ បុគ្គលរូបនោះ មានខ្នងបង្អែកនៅពីក្រោយចាំជួយបិទបាំង បានជាជំនួញឈេីរបស់គាត់ ប្រព្រឹត្តទៅយ៉ាងរលូន។
ប្រជាពលរដ្ឋ រស់នៅស្រុកអូររាំង និងស្រុកកែវសីមា អំពាវនាវដល់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការថ្នាក់ជាតិទប់ស្កាត់ ដេីម្បីបង្ក្រាបបទល្មេីសព្រៃឈេីធនធានធម្មជាតិ ចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យជាបន្ទាន់ បេីមិនដូច្នេះទេព្រៃឈេីនៅសេសសល់បន្តិចបន្ទួច ពិតជាវិនាសសាបសូន្យអស់ក្រោម ស្នាដៃឈ្មួញទាំងពីរនាក់និងឈ្មួញដ៍ទៃជាក់ពំុខាន់ឡេីយ៕