ត្បូងឃ្មុំ÷ ប្រភពពីក្រុមឈ្មួញរកស៊ីនាំទំនិញពីយួន និងឈ្មួញខ្មែរដឹកជញ្ជួនគ្រាប់ចន្ទី ជ័រកៅស៊ូ ចូលទៅស្រុកយួន តាមច្រកទ្វេភាគីព្រំដែនដូនរ័ត្ន យ៉ាងពេញបន្ទុករាល់ថ្ងៃ ចំពោះមន្ត្រីសមត្ថកិច្ចរបស់លោក នូ និច អង្គុយចាំគាបយកលុយពីពួកគាត់តាមអំពើចិត្ត ហើយគ្មានអ្នកណាហ៊ានតវ៉ាឡើយ។
ក្រុមឈ្មួញបានលើកឡើងថា លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន ប្រើតួនាទី និងអំណាចគាបយកលុយលើតុក្រោមតុ តាមទំនើងចិត្ត បើទោះបីលោក នូ និច គ្មានតួនាទីប្រមូលពន្ធដូចសមត្ថកិច្ចគយយ៉ាងណាក៏ដោយ។
ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលរឿងអាស្រូវរបស់លោក នូ និច ត្រូវបានបើកកកាយជាបន្តបន្ទាប់។
មន្ត្រីនៅច្រកដូនរ័ត្នបានឲ្យដឹងថា ទាំងឈ្មួញនាំចូលទំនិញពីស្រុកយួន ទាំងឈ្មួញនាំចេញទំនិញ ព្រមទាំងកសិផលផ្សេងៗទៅស្រុកយួន គឺជាប្រភពចំណូលដ៏សំខាន់របស់លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន។
ជាពិសេសឈ្មួញដែលនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ពីស្រុកយួន តាមច្រកដូនរ័ត្ន មិនអាចរំលងលោក នូ និច បានទេ ប្រសិនបើចង់ឲ្យមុខរបររបស់ពួកគេគ្មានឧបសគ្គ។
អំពើពុករលួយរបស់លោក នូ និច អាចប្រព្រឹត្តទៅយ៉ាងរលូន គឺមានកិច្ចសហការជាមួយមេគយច្រកដូនរ័ត្ន និងប្រធានស្នាក់ការដូនរ័ត្ន ផងដែរ ហើយពួកគេអាចប្រមូលផលប្រយោជន៍យ៉ាងសុខសាន្ត។
ប្រភពស្និទ្ធនឹងលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន បានឲ្យដឹងថា ដោយសារអាងមានមន្ត្រីធំៗនៅក្រសួងមហាផ្ទៃ ជាបង្អែកទើបលោក នូ និច ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន ហើយគ្មានញញើតអ្វីទាំងអស់។
ដូច្នេះសូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញខ្លះផង ព្រោះលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់លោក នូ និច នោះទេ។
ប្រការនេះហើយទើបលោក នូ និច ល្បីល្បាញកាន់តែខ្លាំងរឿងប្រមូលលុយតាមរបៀបពុករលួយ ប៉ុន្តែអំពើពុករលួយរបស់លោក នូ និច ត្រូវបានឈ្មួញនាំចូលទំនិញពីស្រុកយួន និងឈ្មួញនាំចេញទំនិញ និងកសិកផលទៅស្រុកយួន លាតត្រដាងជាបន្តបន្ទាប់។a