ត្បូងឃ្មុំ ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិដា ឃុំដា ស្រុកមេមត់ បានបញ្ជាក់ឲ្យដឹងថា បុគ្គលពីររូប ១ឈ្មោះ លឹម ២ឈ្មោះ វ៉ា ហ៊ានបើកល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង យូគី ដំណើរការយ៉ាងរលូនរាល់ថ្ងៃ បច្ចុប្បន្ននេះឲ្យពលរដ្ឋខ្មែរចូលលេងភ្លូកទឹកភ្លូកដី មានទាំងរថយន្តទំនើប ជាច្រើនគ្រឿង ប្រហែលជាមានខ្នងបង្អែករឹងមាំចាំជួយបិទបាំង ទើបធ្វើអ្វីៗ តាមទំនើងចិត្ត មិនខ្វល់ពីការរិះគន់នោះទេ។
ទោះបីសម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជា លោក ហុង គឹម ហឿន អធិការដ្ឋាននគរបាលស្រុកមេមត់ និងលោក សេង លី អភិបាលស្រុកមេមត់ បណ្តែតបណ្តោយឲ្យមានល្បែងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ខ្លួន ហើយមានអ្នកចូលរួមលេងល្បែងបញ្ជាល់មាន់ យ៉ាងពពាក់ពពូន ស្រែកហ៊ោកញ្ជៀវ នៅជិតខ្សែបន្ទាត់ច្រកទ្វេភាគីព្រំដែនដា ហៅដូងប្រាំពីរដើម ចំណុចភូមិដា ឃុំដា ស្រុកមេមត់ ដោយសេរី មិនខ្វល់អ្វីទាំងអស់ ។
បញ្ហានេះ អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ មិនខ្វល់ពីអានុសាសន៍សម្តេចតេជោ ហ៊ុន សែន បានចេញចរាចរណ៍ថ្មីៗ ណែនាំឲ្យបិទល្បែងគ្រប់ប្រភេទទូទាំងប្រទេស បែរជាម្ចាស់កាស៊ីណូ ឈ្មោះ លឹមឈ្មោះ វ៉ា ហ៊ានផ្គើនបទបញ្ជាប្រមុខថ្នាក់ដឹកនាំកម្ពុជាទៅវិញ ហើយអតីតមានយីហោ៦៩ ឥឡូវបច្ចុប្បន្ននេះ លុបផ្លាកយីហោចោលអស់ ដើម្បីបំភ័ន្តភ្នែកអ្នកកាសែត ។
ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាបល្បែងបញ្ជាល់មាន់ ចាក់ភ្នាល់ដាក់លុយ ស៊ីសងខុសច្បាប់ នៅភូមិដា ឃុំដា ស្រុកមេមត់ ជាបន្ទាន់ជៀសវាង កើតអំពើហឹង្សាក្នុងគ្រួសារ ចោរកម្មផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និងគ្រឿងញៀន រីករាលដាលគូរឲ្យកត់សម្គាល់ថែមទៀតផង។
ដូច្នេះហើយ លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ មិនគូរមេីលរំលងភាពអសកម្ម របស់លោកជាម ច័ន្ទ សោភណ្ឌ័ និងលោកម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បណ្តែតបណ្តោយ ឲ្យមានល្បែងបញ្ជាល់មាន់ និងល្បែងផ្សេងៗ ជាច្រើនប្រភេទ ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ ក្នុងភូមិដា ឃុំដា ស្រុកមេមត់ កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព7ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
ទើបមានការរិះគន់ចំៗ ចាប់តាំងពីលោក ម៉ុន មាគ៌ា ចូលកាន់តំណែងជាស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គឺមិនសូវយកចិត្តទុកដាក់បង្ក្រាប ល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង ដើម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានឡេីយ៕