មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។
ដូច្នេះហើយទើបឈ្មួញឈ្មោះ រិទ្ធ ឈ្មួញឈ្មោះ ភារម្យ និងឈ្មួញឈ្មោះ សុឃុន នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួន តាមច្រកព្រំដែនទ្វេភាគីដាក់ដាំ យ៉ាងពេញបន្ទុក សមត្ថកិច្ចជំនាញពាក់ពន្ធ័ក្នុងខេត្ត រក្សាភាពស្ងៀមស្ងាត់។
ប្រការនេះកំពុងធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងកោះញែក ស្រុកកែវសីមា ស្រុកពេជ្រាដា ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យ នៅក្នុងពេលឆាប់ៗខាងមុខនេះឡើយ។
តាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែនទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលប្រមាណ១ខែកន្លងទៅនេះឈ្មួញជាច្រើននាក់បានសម្រុកដឹកជញ្ជូនឈើប្រណីត និងឈើប្រភេទលេខ1 ពីស្រុកកោះញែក ស្រុកពេជ្រាដា ចេញទៅស្រុកយួន តាមច្រកដាក់ដាំ យ៉ាងគំហុក។
សកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ទេគឺមានតែជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន។
ក្នុងនោះលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនទ្វេភាគីដាក់ដាំ ស្រុកអូររាំង កំពុងរងការរិះគន់ថា សម្ងំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងត្រជាក់ចិត្ត។
ប្រភពពីមន្ត្រីនៅច្រកដាក់ដាំ បានឲ្យដឹងទៀតថា ឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងគឃ្លើននៅពេលនេះគឺឈ្មួញឈ្មោះ រិទ្ធ ឈ្មួញឈ្មោះ ភារម្យ និងឈ្មួញឈ្មោះ សុឃុន ដែលសុទ្ធតែជាឈ្មួញមានខ្នងបង្អែករឹងមាំ។
ទោះជាយ៉ាងណាបើគ្មានការបើកបារ៉ាស់ពីសំណាក់លោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ថ្នាំទេនោះ គឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើពីទឹកដីខ្មែរឆ្លងចូលទឹកដីយួន តាមអំពើចិត្តបាននោះទេ។
ការដែលលោក យូ សុធា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានលោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជាបង្អែកដ៏រឹងមាំ៕