ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានឲ្យដឹងថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ចេង ឃីម ដែលជាប្រធានស្ថានីយ៍ផងដែរ។
រីឯរថយន្តធំៗ សណ្ដោងកន្ទុយវែងៗ សណ្ដោងរ៉ឺម៉កផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ភូមិកំពង់ទួល ស្រុកកណ្ដាលស្ទឹង យ៉ាងស្រួលៗឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់។
បញ្ហានេះគឺជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសមិនគួរមើលរំលងតទៅទៀតនោះទេ។
តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ដោយសារតែមានការបើកដៃពីសំណាក់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ទើបលោក ចេង ឃីម ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកកណ្ដាលស្ទឹង មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ។
លើសនេះទៅទៀតការដែលលោក ម៉ឹង យូឡេង អាចរក្សាតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានយូរហើយមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសារអាងមានខ្នងបង្អែករឹងមាំ។
ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៣ ភូមិកំពង់ទួល បានឲ្យដឹងថា លោក ចេង ឃីម តែងតែប្រើឈ្មោះ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងរលូន។
ទន្ទឹមនឹងនេះគឺលោក ម៉ឹង យូឡេង តែងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ចេង ឃីម និងក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកកណ្ដាលស្ទឹង ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងពេញទំហឹង។
ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរមើលរំលងអំពើពុករលួយរបស់លោក ចេង ឃីម នោះឡើយ៕