ករណីលោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ប្រើតួនាទី និងអំណាច ប្រមូលលុយតាមរបៀបពុករលួយត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ។
ក៏ប៉ុន្តែរហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនទាន់ចាត់វិធានការណាមួយដើម្បីទប់ស្កាត់អំពើពុករលួយ របស់លោក ខាត់ សារ័ត្ន នោះទេ។
ហេតុនេះហើយទើបមានការជំរុញឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ខាត់ សារ័ត្ន ជាបន្ទាន់។
ប្រភពពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានឲ្យដឹងថា ការគាបយកលុយក្រៅផ្លូវការពីពលរដ្ឋខ្មែរដែលឆ្លងដែនចេញចូលទៅពិនិត្យព្យាបាលជំងឺនៅទីក្រុងហូជីមិញ(ព្រៃនគរ) ប្រទេសយួន គឺជាប្រភពចំណូលដ៍សំខាន់របស់លោក ខាត់ សារ័ត្ន និងបក្ខពួក។
ជាងនេះទៅទៀតក្រុមឈ្មួញដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួន តាមច្រកទ្វារអន្តរជាតិបាវិត ក៏ជាប្រភពចំណូលរបស់លោក ខាត់ សារ័ត្ន ផងដែរ ដូចដែលបណ្ដាញព័ត៌មាននានាបានចុះផ្សាយកន្លងមក។
បើទោះបីលោក ខាត់ សារ័ត្ន គ្មានតួនាទីប្រមូលពន្ធដូចសមត្ថកិច្ចគយ ប៉ុន្តែឈ្មួញដែលនាំចូលទំនិញពីស្រុកយួន តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត គ្មានអ្នកណាអាចរំលងលោក ខាត់ សារ័ត្ន បានទេ។
ប្រភពស្និទ្ធនឹងលោក ខាត់ សារ័ត្ន បានបង្ហើបឲ្យដឹងថា ការដែលលោក ខាត់ សារ័ត្ន ហ៊ានប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក ខាត់ សារ័ត្ន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ មិនអាចបិទបាំងរឿងផ្ទាល់ខ្លួនឡេីយ។
ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត ឲ្យបានកាន់តែឆាប់គឺរឹតតែល្អ៕