នាព្រឹកថ្ងៃសៅរ៍ ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៣ តំណាងខ្ពង់ខ្ពស់ពីឯកឧត្តម ជុំ ហាន ប្រធានក្រុមព្រឹក្សាខេត្តស្វាយរៀង បានចូលរួមសំណេះសំណាល ក្នុងពិធីនេះមាន លោក លោកស្រី រដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជំវិញខេត្ត។
លោកនាយក នាយករងទីចាត់ការ អង្គភាព និងមន្ត្រីរាជការសាលាខេត្ត អាជ្ញាធរក្រុងស្វាយរៀង មន្ត្រីរាជការនៅទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត យុវជន ស.ស.យ.ក.ខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និវត្តន៍ជន និងបងប្អូនប្រជាជាពលរដ្ឋសរុបប្រមាណ ៣.៤០១នាក់ ។
អត្ថន័យដ៏ជ្រាលជ្រៅនៃកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាពោធិសាល ជា ស៊ីម និង ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយឡែកខេត្តស្វាយរៀង ត្រូវបានរំដោះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានឡេីយ ។
ការចូលរួមប្រារព្ធពិធីដ៏មានសារៈសំខាន់នៅពេលនោះ គឺបានបញ្ជាក់ឲ្យឃេីញថា ៤៤ឆ្នាំកន្លងផុតទៅក៏ពិតមែន កម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហេីយយើងបានមកចូលរួមទាំងអស់គ្នា រំឮកពីទុក្ខសោក និងការព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយយើងអាចមើលឃើញយ៉ាងច្បាស់។
ជាក់ស្តែងនូវសមិទ្ធិផលដែលយើងទទួលបានពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្នដែលកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់យើង ស្របពេលជាមួយគ្នានេះយើងក៏ត្រូវសំឡឹងមើលទៅអនាគតរបស់កម្ពុជា និងប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់។
បន្ទាប់ពីអានសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា លោកអភិបាលខេត្ត និង លោកប្រធានក្រុមប្រឹក្សាខេត្ត បានចែកអំណោយជូនដល់និវត្តន៍ជនចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបានឃីតមួយ និងថវិកា ១០ម៉ឺនរៀលផងដែរ ៕