ព្រៃវែង ÷ ប្រភពពីមន្រ្តីនៅច្រករបៀងព្រំដែនស្វាយអាង៉ោង បញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញកំពុងសម្រុកនាំសត្វគោ ក្របី ចេញទៅស្រុកយួន បានយ៉ាងរលូន ប្រហែលជាបុគ្គលឈ្មោះ ជឹម សុខ មានខ្នងបង្អែករឹងមាំចាំជួយបិទបាំងនៅពីក្រោយ ទេីបសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ មិនហ៊ានប៉ះពាល់ ទុកឲ្យពួកឈ្មួញធ្វើអ្វីៗ តាមអំពេីចិត្ត។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មួញបានធ្វើសកម្មភាព ដឹកជញ្ជូនសត្វគោ ក្របី ទៅស្រុកយួន យ៉ាងពេញទំហឹង ជាពិសេសនោះ ពួកឈ្មួញភាគច្រេីនដឹកជញ្ជួនពីខេត្តនានា តាមប្រភេទរថយន្តធំៗ សន្តោងវែងចូលច្រកនេះ ទាំងយប់ទាំងថ្ងៃ រក្សាទុកក្នុងក្រោលនៅជិតខ្សែបន្ទាត់ព្រំដែន រងចាំឈ្មួញយួនមកទទួលទិញ ចំពោះលោក អាន សុផល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនស្វាយអាង៉ោង សម្ងំទទួលផលប្រយោជន៍ មិនចាត់វិធានការទប់ស្កាត់ឡើយ។
បេីតាមការបង្ហើបពីមន្ត្រីពាក់ព័ន្ធ ឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិត បើកដៃពីសំណាក់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងសមត្ថកិច្ចប្រចាំ ច្រករបៀងព្រំដែនស្វាយអាង៉ោង ទេនោះគឺលោក ជឹម សុខ និងក្រុមឈ្មួញមិនអាចនាំ សត្វគោ ក្របី ទៅលក់ក្រៅប្រទេសបានឡើយ ប្រហែលជាមានហាងឆេង ទីផ្សារសេរីហេីយ.!
ទេីបដឹកជញ្ជូនទៅស្រុកយួន យ៉ាងសុខស្រួលបំផុត ដោយឡែក លោក អាន សុផល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនស្វាយអាង៉ោង មានកិច្ចសហការស៊ីចង្វាក់ជាមួយប្រធានប.សុ សត្វពេទ្យ ខេត្តព្រៃវែង និងប្រធាន កសិកម្មខេត្តព្រៃវែង ជាអ្នកបេីកភ្លើងខៀវ ទេីបឈ្មួញហ៊ាននាំសត្វគោ ក្របី តាមច្រកនេះ។
ដូច្នេះលោក ជា សុ មេធី អភិបាលខេត្តព្រៃវែង និងលោកព្រំុ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនគួរមេីលរំលងភាពអសកម្ម របស់លោក អាន សុផល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនស្វាយអាង៉ោង ទៀតនោះទេ បណ្តែតបណ្តោយឲ្យ លោក ជឹម សុខ និងមេឈ្មួញធំៗ ដ៍ទៃទៀតនាំសត្វគោ ក្របី ឆ្លងដែនទៅលក់នៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ពីសមត្ថកិច្ចពាក់ព័ន្ធ ច្រកនេះទល់តែសោះ។
ហេតុនេះហើយទើបមានការជំរុញឲ្យ លោក ប្រធានពេទ្យសត្វខេតព្រៃវែង ព្រមទាំងប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែង ពិនិត្យឡេីងវិញជាបន្ទាន់ ទៅលេីលោក ជឹម សុខ និង បក្សពួកឈ្មួញនាំសត្វគោ ក្របី ទៅស្រុកយួនពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងពេញបន្ទុក គ្មានអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋាន និងសមត្ថកិច្ចច្រកនេះ ចាត់វិធានការបង្រ្កាបនោះទេ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរ។
ប្រជាពលរដ្ឋរស់នៅ ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានអំពាវនាវដល់លោក ឌីត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទេីបឡេីងកាន់តំណែងថ្មី ចាត់សមត្ថកិច្ចជំនាញពាក់ពន្ធ័ក្រោមឱវាទក្នុងខេត្តព្រៃវែង ចុះពិនិត្យក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូន សត្វគោ ក្របី ឆ្លងដែនយកទៅស្រុកយួន យ៉ាងរលូន មិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕