ត្បូងឃ្មុំ ÷ មួយរយៈចុងក្រោយនេះ ម្ចាស់កាស៊ីណូដូងប្រាំពីដើម ចាប់ផ្ដើមដំណើរការវិញហើយ សម្រុកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែង បញ្ជាល់មាន់ បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង មានទាំងរថយន្តទំនើប និងម៉ូតូជាច្រើនគ្រឿង នៅចំណុច ភូមិដា ឃុំដា ស្រុកមេមត់ ហើយមានបុគ្គលពីរូប ១ឈ្មោះ លឹម ២ឈ្មោះ វ៉ា ហ៊ានបើកល្បែងនោះ ប្រហែលជាមានខ្នងបង្អែករឹងមាំចាំជួយបិទបាំងពីក្រោយ ទើបធ្វើអ្វីៗតាមអំពើចិត្ត។
ទោះបីសម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជា លោក ហុង គឹម ហឿនអធិការដ្ឋាននគរបាលស្រុកមេមត់ និងលោក សេង លី អភិបាលស្រុកមេមត់ បណ្តែតបណ្តោយឲ្យមានល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ខ្លួន ហើយមានអ្នកចូលរួមលេងល្បែង បញ្ជាល់មាន់ យ៉ាងពពពាក់ពពូន ស្រែកហ៊ោកញ្ជៀវ នៅជិតច្រកទ្វារព្រំដែនដា បង្កប់ក្នុងកាស៊ីណូ ដូងប្រាំពីដើម នៅចំណុចភូមិដា ឃុំដា ស្រុកមេមត់ ដោយសេរី មិនខ្វល់អ្វីទាំងអស់ ។
បញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ មិនខ្វល់ពីអានុសាសន៍សម្តេចតេជោ ហ៊ុន សែន បានចេញចរាចរណ៍ថ្មីៗ ណែនាំឲ្យបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់កាស៊ីណូ ដូងប្រាំពីដើម ហ៊ានផ្គើនបទបញ្ជា ប្រមុខថ្នាក់ដឹកនាំកម្ពុជាទៅវិញ ហើយអតីតមានយីហោ៦៩ ឥឡូវបច្ចុប្បន្ននេះ លុបផ្លាកសញ្ញចោលអស់ ដើម្បីបំភ័ន្តភ្នែកអ្នកកាសែត ។
ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាបល្បែងបញ្ជាល់មាន់ ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ នៅភូមិដា ឃុំដា ស្រុកមេមត់ ជាបន្ទាន់ជៀសវាង កើតអំពើហឹង្សាក្នុងគ្រួសារ ចោរកម្មផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និងគ្រឿងញៀន រីករាលដាលគូរឲ្យកត់សម្គាល់ថែមទៀតផង។
ដូច្នេះហេីយ លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ មិនគូរមេីលរំលងភាពអសកម្ម របស់លោកជាម ច័ន្ទសោភណ្ឌ័ និងលោកម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តតត្បូងឃ្មំបណ្តែតបណ្តោយ តទៅទៀតនោះទេ ព្រោះល្បែងបញ្ជាល់មាន់ និងល្បែងផ្សេងៗ ជាច្រើនប្រភេទ ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ ក្នុងភូមិដា ឃុំដា ស្រុកមេមត់ កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំសុវត្ថិភាព7ចំណុច ដែលដាក់ដោយក្រសួងមហាផ្ទៃ។
ទើបមានការរិះគន់ចំៗ ចាប់តាំងពីលោក ម៉ុន មាគ៌ា ចូលកាន់តំណែងជាស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គឺមិនសូវយកចិត្តទុកដាក់បង្ក្រាប ល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង និងកន្ទុយលេខ ដើម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានឡេីយ។