តាកែវ ÷ ប្រភពបានឲ្យដឹងថា ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនស្រង់ដើមឲ្យឆាប់ និងឈានទៅបង្កើនការចំណេញឲ្យបានច្រើនលើសលុប លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង បានប្រើឈ្មោះ មន្ត្រីគយធំៗ នៅអគ្គនាយកគយកម្ពុជា មកធ្វើការបិទបាំងរឿងអាស្រូវពុករលួយ នូវទង្វើរបស់ខ្លួន។
ឈ្មួញទាំងតូចទាំងធំ នាំទំនិញពីប្រទេសយួន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន យ៉ាងគគ្រឹកគគ្រេង មានទំនិញបង្កប់ និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពី មេការិយាល័យគយច្រកទ្វារ ជាការស្រេចតែម្តង។
មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ឈ្មោះបុគ្គល កែវ ផាន កំពុងខំប្រឹងប្រមូលលុយស្រង់ដើម ទេីបហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញពីប្រទេសយួន តាមច្រកនេះ ចូលទៅរាជធានីភ្នំពេញ ទាំងយប់ទាំងថ្ងៃ យ៉ាងពេញបន្ទុក ប្រមូលលុយដាក់ហោប៉ៅ គិតតែផលប្រយោជន៍ ផ្ទាល់ខ្លួនប៉ុណ្ណោះ ។
ពន្ធម៉ៅការនេះត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពីប្រទេសយួន តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន មួយនេះកាន់តែច្រើនឡើងៗ។
ការប្រព្រឹត្តអំពើពុករលួយ របស់លោក កែវ ផាន ដោយខ្លួនមានខ្នងបង្អែកដ៏រឹងមាំចាំការពារនិងជួយបិទបាំង នៅអគ្គនាយកគយកម្ពុជា ទៀតផងទើបបុគ្គលនេះ ធ្វើអ្វីៗស្រេចតែចិត្ត ការស្រង់ដើមតាមរបៀបពុករលួយ ច្រើនបែបច្រើនបទ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា បុគ្គលមេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន មួយនេះបានឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមឱវាទរបស់ខ្លួន គាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុ ពីក្រុមឈ្មួញនិងអាជីវករ កាន់តែច្រើនឡើងៗ ជាពិសេសនោះប្រជាពលរដ្ឋ រកសុីដឹកទំនិញតាមរយះម៉ូតូរម៉ក ចេញចូលឆ្លងកាត់ច្រកនេះ បង្គាបបញ្ជាឲ្យបង់ប្រាក់តាមការកំណត់ បង់ប្រាក់ទាំងនោះ គឺបង់ដោយគ្មានវិក្ក័យបត្រពន្ធគយទេ។
ដោយមើលឃើញរាល់ទង្វើនៃលោក កែវ ផាន បានធ្វើឲ្យមន្ត្រីពាក់ព័ន្ធជាច្រើននៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន សុំឲ្យលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន. លោក ឱម យ៉ិនទៀង .លោក គុណ ញឹម អគ្គនាយកគយកម្ពុជា គួរកុំរក្សាភាពស្ងៀមស្ងាត់របៀបនេះបន្តទៅទៀត ត្រូវបើកការស្រាវជ្រាវស៊ើបអង្កេតឲ្យបានស៊ីជម្រៅជាបន្ទាន់។
ចំពោះមេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននិងបក្ខពួក ដើម្បីទប់ស្កាត់រាល់ការឃុបឃិតកេងប្រវ័ញ្ចបន្លំពន្ធគយជាមួយឈ្មួញទាំងតូចទាំងធំ ដែលរកស៊ីនាំទំនិញចេញចូលតាមច្រកមួយនេះ ដែលធ្វើឲ្យរដ្ឋខាត់បង់ និងកាត់បន្ថយចំណូលពន្ធគយដែលលោក កែវ ផាន កំពុងប្រព្រឹត្តតាមរបៀបពុករលួយ ជាចំហរត្រូវបានលាតត្រដាងបន្តបន្ទាប់។
ប្រសិនបើមានការទប់ស្កាត់ និងកាត់បន្ថយបានប្រាក់ចំណូលពន្ធគយដែលក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ កំណត់មានអគ្គនាយកគយកម្ពុជា ជាអ្នកអនុវត្តផ្ទាល់ក្នុងការបង្ក្រាបអំពើរត់ពន្ធគយ និងប្រមូលពន្ធគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នេះអាចឡើងបានមួយកម្រិតទៀត លើសពីការកំណត់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ា១