បន្ទាយមានជ័យ ៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត បានបញ្ជាក់ឲ្យដឹងថា លោកឧកញ៉ា អឹង ម៉េង តឹក កំពុងបើកល្បែងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ ដូចជា បញ្ជាល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗជាច្រើនទៀត លេងយ៉ាងពពាក់ពពូន ប្រហែលបុគ្គលនោះមានខ្នងបង្អែករឹងមាំចាំជួយបិទបាំងនៅពីក្រោយ ទើបហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត។
ទោះបីសម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាលោក អភិបាលក្រុងប៉ោយប៉ែត និងលោក អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបណ្តែតបណ្តោយ ឲ្យលេងល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ខ្លួននោះទេ នៅចំណុចទីតាំងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត អ្នកចូលរួមលេងមានម៉ូតូ ឡានទំនើបៗ ភ្លូកទឹកភ្លូកដី អ្នកចាញ់ច្រើនជាងអ្នកឈ្នះ រីឯលោក ឧកញ៉ា អឹង ម៉េង តឹក អាចប្រមូលលុយ បានសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ។
បញ្ហានេះ អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ បណ្តោយឲ្យបុគ្គលឈ្មោះ អឹង ម៉េង តឹក បើកលេងល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង អត់ខ្វល់ពីអានុសាស្ត្រ សម្តេចតេជោ ហ៊ុន សែន ទើបចេញសារាចរណ៍ណែនាំ នាពេលថ្មីៗនេះ ឲ្យបិទល្បែងគ្រប់ប្រភេទ បែរជាហ៊ានផ្គើនបទបញ្ជាថ្នាក់ដឹកនាំកម្ពុជាទៅវិញ។
ដូច្នេះហើយទើបមានការរិះគន់ចំៗ ចាប់តាំងពីលោក សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មកកាន់តំណែងដល់បច្ចុប្បន្ន គឺមិនសូវយកចិត្តទុកដាក់ បង្ក្រាបល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង និងកន្ទុយលេខ ដើម្បីបង្រឹងសន្ដាប់ធ្នាប់ក្នុងមូលដ្ឋានឡើយ ថែមទាំងរីករាលដាលគ្រឿងញៀនគូរឲ្យកត់សម្គាល់ទៀតផង។
ហេតុនេះ លោកនេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ មិនគូរមើលរំលងភាពអសកម្ម របស់លោក សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបណ្តែតបណ្តោយ បុគ្គលឈ្មោះ អឹង ម៉េង តឹក បើកល្បែងបញ្ជាល់មាន់តទៀតនោះទេចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ដោយក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋ រស់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសនោះលោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យទង្វើមិនប្រក្រតី របស់បុគ្គល អឹង ម៉េង តឹក បើកលេងល្បែងបញ្ជាល់មាន់ ខ្នាតធំជាបន្ទាន់ ! ដើម្បីបង្រឹងសន្តិសុខសង្គម ជៀសវាងកុំឲ្យកើត ចោរកម្មផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សាក្នុងគ្រូសារ ៕