ស្វាយរៀង ÷ ប្រភពស្និទ្ធនឹងលោក ឆេង សា វិន ប្រធានការិយាល័យគយច្រកទ្វារភាគីព្រំដែនដូង ស្រុករមាសហែក បានឲ្យដឹងថា ការដែលលោក ឆេង សាវិន មិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយ គឺអាងមានលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ជាខ្នងបង្អែកដ៏រឹងមាំ។
ប្រសិនបើគ្មានលោក ហេង សំបូរ ជាបង្អែកទេនោះ គឺលោក ឆេង សា វិន មេគយច្រកដូងមិនហ៊ានបើកដៃឲ្យឈ្មួញអាជីវករនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្ច្បាប បានរលូននោះទេ។
ហេតុនេះ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគួរពិនិត្យឡើងវិញខ្លះផង ព្រោះអំពើពុករលួយ របស់លោក ឆេង សា វិន មេគយច្រកដូងត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ។
មេឈ្មួញធំៗ និងអាជីវករ ដែលនាំចូលទំនិញពីស្រុកយួនតាមច្រកទ្វារតំបន់ព្រំដែនដូង បាន ត្អូញត្អែរថា ពួកគាត់រកសុីសព្វថ្ងៃ នៅសល់កម្រៃតិចតួចណាស់ ព្រោះត្រូវលោក ឆេង សា វិន មេគយប្រចាំច្រកនេះគាបយកលុយលើតុក្រោមតុ ដោយសេរី។
ប្រភពបានបន្តទៀតថា គ្មានឈ្មួញ ឬអាជីវករណាហ៊ានតវ៉ាជាមួយ លោក ឆេង សាវិន នោះទេ ព្រោះលោក ឆេង សា វិន តែងតែប្រើឈ្មោះលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ដើម្បីបិទបាំងទង្វើរបស់ខ្លួន។
បច្ចុប្បន្នឈ្មួញ និងអាជីវករ អាចធ្វើសកម្មភាពនាំចូលទំនិញពីស្រុកយួនតាមច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង យ៉ាងគគ្រឹកគគ្រេង គ្មានសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ឡេីយ។
បេីតាមការបង្ហើប ពីមន្ត្រីនៅច្រកទ្វារភាគីព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា សកម្មភាពឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារភាគីព្រំដែនដូង កើតឡើងយ៉ាងពេញបន្ទុក។
លើសនេះទៅទៀតទង្វើរបស់ លោក ឆេង សាវិន អាចប្រព្រឹត្តទៅយ៉ាងរលូន គឺមានការរួមដៃពីសំណាក់ សមត្ថកិច្ចនគរបាលច្រកទ្វារភាគីព្រំដែនដូង ដែលល្បីល្បាញខ្លាំងខាងពុករលួយផងដែរ។