ស្វាយរៀង ៖ នាព្រឹកថ្ងៃសុក្រទី០៧ ខែតុលា ឆ្នាំ ២០២២ នេះមានរៀបចំវេទិកាដើម្បីផ្សព្វផ្សាយការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទលើស្ត្រីនិងកុមារ បងប្អូនពលរដ្ឋចំណាកស្រុកដោយសុវត្ថិភាព ស្ថិតនៅក្នុងវិទ្យាល័យស្វាយរៀង ក្រោមអធិបតីភាព លោកជំទាវ ឯក សុវណ្ណភារៈអភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីស្រុក អង្គការសង្គមសុីវិល លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៃវិទ្យាល័យស្វាយរៀងជាច្រើនទៀត។
វេទិកាផ្សព្វផ្សាយខាងលើនេះមានគោលបំណងដើម្បីបញ្ជ្រាសនូវការយល់ដឹងដល់មន្ទីរអង្គភាពរដ្ឋ និង ឯកជនដែលពាក់ព័ន្ធ អាជ្ញាធរដែនដី កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក អង្គការមិនមែនរដ្ឋាភិបាលលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅទីនោះ ឲ្យបានយល់ដឹងច្បាស់អំពីហានិភ័យនៃការប្រើអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទលើស្ត្រីនិងកុមារនិងរបៀបនៃការធ្វើចំណាកស្រុកដែលមានសុវត្ថិភាពនិងវិធានការធ្វើយ៉ាងណាដើម្បីទប់ស្កាត់សកម្មភាពខាងលើកុំឲ្យកើតមានឡើងនៅក្នុងសង្គមគ្រួសារនិងសង្គមជាតិ។
មានប្រសាសន៍នៅក្នុងវេទិកាផ្សព្វផ្សាយលោកជំទាវ ឯក សុវណ្ណភារះ អភិបាលរងខេត្តស្វាយរៀងបានបញ្ជាក់ពីសារះ សំខាន់រៀបចំវេទិកានេះឡើងគឺដើម្បីការពារនៃការរំលោភបំពានពីជនខិលខូចនិងមេខ្យល់មួយចំនួនដែលមានកលល្បិចលូងលោមស្ត្រីកុមារនិងប្រជាពលរដ្ឋមួយចំនួនទៅបម្រើផលប្រយោជន៍ឬបម្រើផ្លូវភេទតាមរយះការទិញទឹកចិត្តលើជនរងគ្រោះតាមគ្រប់រូបភាព។
ជាមួយគ្នានេះវេទិកានេះក៏បានជួយផ្សព្វផ្សាយដល់បងប្អូនបុរសមួយចំនួនកុំឲ្យប្រើអំពើហិង្សាលើប្រពន្ធកូននិងក្រុមគ្រួសារដែលជាអំពើខុសច្បាប់របស់រដ្ឋ ដែល ច្បាប់របស់រដ្ឋបានកំណត់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នា អ្នកដែលរំលោភលើសិទ្ធិពលរដ្ឋត្រូវទទួលទោសចំពោះមុខច្បាប់។
ពិធីនោះលោកជំទាវ ឯក សុវណ្ណភារះ បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំតែងតែគិតគូរក្នុងការពារផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គមរួមនិងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។
លោកជំទាវអភិបាលរងខេត្តក៏បាន ផ្តាំផ្ញើដល់ក្មួយៗយុវជនយុវនារីទាំងអស់ត្រូវខិតខំរៀនសូត្រយកចំណេះវិជ្ជានិងចូលរួមក្នុងកិច្ចការងារសង្គមដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។ទន្ទឹមនេះអាជ្ញាធរមូលដ្ឋានត្រូវចូលរួមអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យធ្វើចំណាកស្រុកខុសច្បាប់នាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។
ក្នុងនាមលោក ជំទាវ ឯក សុវណ្ណភារះ គណះអភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅទីនោះបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពនិងត្រូវបន្តចូលរួមរក្សាអនាម័យអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីកុំឱ្យមានការឆ្លងជំងឺកូវីដ១៩ចូលទៅក្នុងគ្រួសារនិងសហគមន៍។