ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្នុងមួយយប់ៗឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន មិនតិចជាង30រថយន្តសាំយ៉ុងកែច្នៃនោះទេ ហើយសកម្មភាពនោះបានកើតឡើងប្រមាណ2ខែមកហើយ។
ប្រភពខ្លះបានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ខៀវ ប៉ូលីន នាយប៉ុស្តិ៍ការពារព្រំដែនអូរលាវ ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមអំពើចិត្តនោះទេ។
បញ្ហានេះលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះបទល្មើសដឹកជញ្ជូនធ្យូងទៅស្រុកយួន កើតឡើងយ៉ាងពេញបន្ទុក។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិមានជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រករបៀងអូរលាវ យ៉ាងពេញបន្ទុក ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចមិនចាត់វិធានការទប់ស្កាត់នោះទេ។
ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនធ្យូងទាំងយប់ទាំងថ្ងៃ តាមផ្លូវជាតិលេខ78 ចេញពីចំណុចភ្នំគុស ភូមិឡ ស្រុកកែវសីមា កាត់តាមរង្វង់មូលទីរួមស្រុកស្នួល យ៉ាងរលូន។
ក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រករបៀងអូរលាវ ឃុំស្រែចារ ស្រុកស្នួល សុទ្ធតែមានខ្នងបង្អែករឹងមាំ ទើបអាចចៀសផុតពីការបង្ក្រាប ហើយដឹកជញ្ជូនធ្យូងទៅដល់គោលដៅដោយគ្មានការរំខាន។
ប្រភពស្និទ្ធនឹងក្រុមឈ្មួញដឹកជញ្ជូនធ្យូងទៅស្រុកយួន តាមច្រករបៀងអូរលាវ បានឲ្យដឹងថា ក្រុមឈ្មួញបង់លុយតាមការកំណត់របស់មន្ត្រីជំនាញ និងសមត្ថកិច្ច ទើបអាចដឹកជញ្ជូនធ្យូងឆ្លងដែនទៅស្រុកយួន តាមច្រករបៀងអូរលាវ ទាំងថ្ងៃទាំងយប់ ។
ជាពិសេសសមត្ថកិច្ចកងរាជអាវុធហត្ថ សមត្ថកិច្ចនគរបាល និងមន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងស្រុកស្នួល មិនចាត់វិធានការទប់ស្កាត់ករណីឈ្មួញដឹកជញ្ជូនធ្យូង ចេញទៅស្រុកយួន យ៉ាងគំហុកនោះទេ។ លើសនេះទៅទៀតលោក ខៀវ ប៉ូលីន នាយប៉ុស្តិ៍ច្រករបៀងអូរលាវ និងលោក នាង ចំរើន មន្ត្រីយោធាទទួលបន្ទុកប្រចាំតំបន់អូរលាវ ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ មានជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងករណីឈ្មួញដឹកជញ្ជូនធ្យូង ឆ្លងដែនចូលទៅស្រុកយួនមិនញញើតអ្វីទាំងអស់។