ត្បូងឃ្មុំ ÷ សេចក្តីរាយការណ៍ពីក្រុមអាជីវករបញ្ជាក់ឲ្យដឹងថាចាប់តាំងពីលោកប៉ែនស៊ីថាត្រូវបានតែងតាំងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំរួចមកគឺមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងមិនអាចបិទបាំងរឿងអាស្រូវបាននោះទេ។
ប្រភពខ្លះបានលើកឡើងថាដោយសារលោកប៉ែនស៊ីថាចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុងទើបប្រើគ្រប់វិធីដើម្បីប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន។ហេតុនេះហើយទើបឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុងកាន់តែចច្រើនឡើងៗហើយលោកប៉ែនស៊ីថាតែងប្រើឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីបិទបាំងទង្វើរបស់ខ្លួនផងដែរ។
ហេតុនេះហើយទើបក្រោយពេលតែងតាំងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុងកាលឆ្នាំ2022នេះគឺលោកប៉ែនស៊ីថាហ៊ានប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រការនេះហើយទើបមានការអំពាវនាវឲ្យលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោកប៉ែនស៊ីថាជាបន្ទាន់ព្រោះអីលោកគុណញឹមដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវបានគេដឹងថាជាអ្នកឃុបឃិតបើកដៃឲ្យលោកប៉ែនស៊ីថាធ្វើអ្វីៗតាមអំពើចិត្ត?។
មន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តត្បូងឃ្មុំបានឲ្យដឹងថាចាប់តាំងពីលោកប៉ែនស៊ីថាទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុងគឺលោកប៉ែនស៊ីថាកំពុងឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការហើយឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗអំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោកប៉ែនស៊ីថាមេគយច្រកត្រពាំងផ្លុងកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗហើយមន្ត្រីគយក្រោមឱវាទរបស់លោកប៉ែនស៊ីថាអាចគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្តរបស់ខ្លួន។
ហេតុនេះហើយទើបមានការអំពាវនាវដល់លោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយឲ្យបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោកប៉ែនស៊ីថាមេគយច្រកត្រពាំងផ្លុងឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តទៀត៕