ប្រភពស្និទ្ធនឹងលោក មុយ បញ្ញារិទ្ធ បានឲ្យដឹងទៀតថា ក្រុមឈ្មួញ និងអាជីវករ នាំចេញជ័រកៅស៊ូស្អុយ ដំឡូងមី និងកសិផលផ្សេងៗ ទៅស្រុកយួន តាមច្រកទ្វារព្រំដែនដា ក៏ជាប្រភពចំណូលដ៏សំខាន់ របស់លោក មុយ បញ្ញារិទ្ធ ផងដែរ។
ឈ្មួញធំៗ នាំចូល និងនាំចេញទំនិញតាមច្រកទ្វារព្រំដែនដា ហៅដូង៧ដើម សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក មុយ បញ្ញារិទ្ធ ដើម្បីឲ្យអាជីវកម្ម របស់ពួកគេអាចប្រព្រឹត្តទៅដោយរលូន។
ហេតុនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផង ព្រោះក្នុងតំណែងជាប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម នៅពេលនេះគឺលោក មុយ បញ្ញារិទ្ធ ល្បីខាងពុករលួយពេញទំហឹង។
ប្រភពពីមន្ត្រីគយខេត្តត្បូងឃ្មុំ បានឲ្យដឹងទៀតថា ដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ទើបលោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យច្រកទ្វារព្រំដែនដា ហៅដូង៧ដើម មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ។
មេៗ គយក្នុងខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់លោក មុយ បញ្ញារិទ្ធ នោះទេ ព្រោះដឹងថា មានខ្នងបង្អែករឹងមាំ ចាំជួយបិទបាំងរឿងអាស្រូវពុករលួយ ទុកឲ្យមេគយច្រកដូង៧ដើមរូបនេះ ធ្វើអ្វីៗតាមអំពេីចិត្ត។
សូម្បីតែលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ហើយទុកឲ្យលោក មុយ បញ្ញារិទ្ធ ប្រមូលលុយតាមរបៀបពុករលួយពេញទំហឹង មិនខ្វល់អ្វីទាំងអស់។
មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនដា ហៅដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញតូចធំ នាំទំនិញពីស្រុកយួន ចូលតាមច្រកដាយ៉ាងពេញបន្ទុក ហើយទំនិញដែលឈ្មួញធំៗ នាំចូលបង់ពន្ធមិនដល់50ភាគរយនោះទេ។
ក្រៅពីនេះគឺក្រុមឈ្មួញបែងចែកផលប្រយោជន៍ ជាមួយលោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនដា កំពុងសាងភាពល្បីល្បាញ ខាងពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនដា ហៅដូង៧ដើម ជំនួសលោក យឹម វណ្ណៈ គឺលោក មុយ បញ្ញារិទ្ធ និងបក្សពួកសប្បាយចិត្តប្រមូលលុយ ដាក់ក្នុងហោប៉ៅ ធ្វើមានធ្វើបាន មិនខ្វល់អ្វីឡើយ៕