ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ឈ្មួញឈ្មោះ ចែ ថារី នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចូលទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូន។
មន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងស្រុកកែវសីមា ក៏ដូចជាមន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងស្រុកស្នួល មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ថារី ដែលមានប្ដីជាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ នោះទេ។
ហេតុនេះហើយ ទើបឈ្មួញឈ្មោះ ចែ ថារី អាចប្រើប្រាស់រថយន្តសាំយុងពាក់ស្លាកលេខ 2F-1804 ដឹកជញ្ជូនឈើពីស្រុកកែវសីមា ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចូលដល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងសុខស្រួល។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ចែ ថារី បានឲ្យដឹងថា ឈ្មួញម្នាក់នេះមានប្ដីជាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ទើបហ៊ានរកស៊ីដឹកជញ្ជូនឈើពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចូលដល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឡើងដុះស្លែទៅហើយ។
ជាងនេះទៅទៀតឈ្មួញឈ្មោះ ចែ ថារី ចេះបែកចែកផលប្រយោជន៍ដល់មន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងស្រុកទាំង3ខាងលើនេះផងដែរ ទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅដោយគ្មានឧបសគ្គ។
ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺឈ្មួញឈ្មោះ ថារី មិនអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកកែវសីមា ទៅដល់គោលដៅបានទេ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។
មជ្ឈដ្ឋាននានាបានអំពាវនាវឲ្យលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏ដូចជាស្នងការនគរបាលខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ចែថារី ជាបន្ទាន់។
ដោយហេតុថា ចែ ថារី ដឹកជញ្ជូនឈើពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាបន្ទាន់ ហើយមន្ត្រីជំនាញ និងសមត្ថកិច្ចអាវុធហត្ថ និងសមត្ថកិច្ចនគរបាលស្រុកកែវសីមា មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចែ ថារី ទាល់តែសោះ។
ផ្ទុយទៅវិញតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា មន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងស្រុកស្នួល ពួកគេមានតែជួយសម្រួលឲ្យឈ្មួញឈ្មោះ ចែថារី ដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូនដើម្បីផលប្រយោជន៍ដោយមិនខ្វល់ពីការរិះគន់។