ស្វាយរៀង ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ បានបញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញនាំទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ ចេញពីស្រុកយួន ចូលមកខ្មែរ ដូចជា ផ្លែស្រកានាគ ខ្នុរ សាវម៉ាវ ធុរ៉េន និងគ្រឿងកំប៉ុងគ្រប់មុខ សុទ្ធតែបន្ទុកទៅដោយសារធាតុគីមី រីឯលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារភាគីព្រំដែនក្រសាំងជ្រំ មិនបានពិនិត្យឲ្យបានត្រឹមត្រូវនោះទេ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប។
មជ្ឈដ្ឋាននានាបានលើកឡើងថា បើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺឈ្មួញមិនអាចដឹកជញ្ជូនទំនិញគេចពន្ធ ចេញពីស្រុកយួន ចូលមកខ្មែរ តាមច្រករបៀងក្រសាំងជ្រំ បានទេ ហើយសកម្មភាពនេះកំពុងតែធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
តាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា ទំនិញគ្រប់ប្រភេទ ដែលនាំចេញពីស្រុកយួនធ្វេីឲ្យប៉ះពាល់ដល់សុខភាពខ្មែរ ទល់តែមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងសមត្ថកិច្ច ប្រចាំច្រករបៀងក្រសាំងជ្រំ គឺឈ្មួញមិនអាចនាំចេញទំនិញគេចពន្ធតាមច្រកនេះបានឡើយ។
ដូច្នេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និង មន្ត្រីធំៗ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ ព្រោះអី្វលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង កំពុងរក្សាភាពស្ងៀមស្ងាត់។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា ពេលយប់វេលារំលងអាធ្រាត្រក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធច្រើនប្រភេទមានទាំងបារី និងស្ករស ផងដែរ ចេញទៅស្រុកយួន តាមច្រករបៀងក្រសាំងជ្រំ យ៉ាងពេញបន្ទុក សមត្ថកិច្ចពាក់ព័ន្ធនៅច្រកនេះ ជាអ្នកបេីកភ្លើងខៀវ បានជាពួកឈ្មួញហ៊ានធ្វើអ្វីៗ តាមអំពេីចិត្ត។
ហេតុនេះហើយទើបមានការជំរុញឲ្យលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្វាយរៀង ចាត់វិធានការពិនិត្យមើលជាបន្ទាន់ នៅអំពេីពុករលួយ របស់នាយប៉ុស្តិ៍នគរបាលច្រកទា្វរភាគីក្រសាំងជ្រំ និងបក្សពួកខ្លួន ចែកគ្នាធ្វេីមានធ្វេីបានមិនខ្វល់អ្វីទាំងអស់។