ព្រៃវែង ÷ ប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិតានុន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ បានបញ្ជាក់ឲ្យ រស្មីឯករាជ្យ ដឹងថា ល្បែងភ្នាល់បញ្ជាល់មាន់តាមប្រពន្ធ័ទូរទស្សន៍អនឡាញ កំពុងបើកលេងស៊ីសងខុសច្បាប់ យ៉ាងពពាក់ពពូន ក្រោយពីបិទមួយរយៈ ពេលខ្លី ឥឡូវចាប់ផ្តើមបើកដំណើរវិញហើយ គ្មានលោកមេប៉ុស្តិ៍នគរបាលឃុំព្រៃខ្លា ចាត់វិធានការចុះបង្ក្រាបនោះទេ សម្ងំទទួលផលប្រយោជន៍ ពីម្ចាស់ទីតាំងយ៉ាងសុខស្រួលបំផុត។
ហេតុនេះ លោកព្រុំ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនគួរមើលរំលងភាពអសកម្មចំពោះ លោក អ៊ុង ផាន អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ និងលោកមេប៉ុស្តិ៍នគរបាលឃុំព្រៃខ្លា តទៀតឡើយ ព្រោះបណ្តែតបណ្តោយ ឲ្យមានល្បែងបញ្ជាល់មាន់លេងតាមអនឡាញ ជាច្រើនកន្លែង ក្នុងទឹកដីស្រុកស្វាយអន្ទរ បានយ៉ាងរលូន ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋ ក្នុងភូមិតានុន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ បានរិះគន់ចំពោះសមត្ថកិច្ចថ្នាក់ឃុំ សមត្ថកិច្ចថ្នាក់ស្រុក និងអាជ្ញាធរមូលដ្ឋាន មិនទាន់ចាត់វិធានការបង្ក្រាប ល្បែងបញ្ជាល់មាន់តាមអនឡាញ ឲ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព7ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
គូរបញ្ជាក់ផងដែរ.!ទីតាំងបញ្ជាល់មាន់តាមទូរទស្សន៍អនឡាញ ច្រើនកន្លែង ក្នុងទឹកដី ស្រុកស្វាយអន្ទរ បង្កប់តាមអាហារដ្ឋាន ឡាក់គី សំណាង និង រោងការហ្វេ ដើម្បីបំភ័ន្តភ្នែកអ្នកកាសែត ដោយឡែកសមត្ថកិច្ចពាក់ព័ន្ធ ខេត្តព្រៃវែង ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ប្រជាពលពលរដ្ឋ ក្នុងភូមិតានុន ឃុំព្រៃខ្លា អំពាវនាវដល់ លោក ជា សុ មេ ធី អភិបាលខេត្តព្រៃវែង និងលោកព្រំ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាត់មន្ត្រីក្រោមឪវាទចុះត្រួតពិនិត្យទីតាំងបញ្ជាល់មាន់តាមអនឡាញ តាមខ្នងផ្ទះច្រើនកន្លែង ក្នុងទឹកដី ស្រុកស្វាយអន្ទរជាបន្ទាន់ ដើម្បីបង្រឹងសន្តិសុខសង្គម៕