កំពត ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅក្រុងកំពត បានបញ្ជាក់ឲ្យដឹងថា មានល្បែងបញ្ជាល់មាន់ និងឆ្នោតឡូតូ តាមទូរទស្សន៍អនឡាញ ជាច្រើនកន្លែង បង្កប់តាមហាងកាហ្វេយ៉ាងពេញទំហឹង ដោយឡែកលោក អធិការដ្ឋាននគរបាលក្រុងកំពត មិនចាត់វិធានការបង្ក្រាប ទុកឲ្យលេងតាមអំពើចិត្ត។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋ រស់នៅក្រុងកំពត បានរិះគន់ចំៗទៅលើ លោកមេប៉ស្តិ៍នគរបាលក្រុងកំពត បណ្តែតបណ្ដោយឲ្យអ្នកញៀនល្បែងលេងបញ្ជាល់មាន់ ឆ្នោតឡូតូ ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពត សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប។
ហេតុនេះ លោក ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត ពិនិត្យឡេីងវិញខ្លះផង ចំពោះភាពអសកម្ម របស់លោក អធិការដ្ឋាននគរបាលក្រុងកំពត និង លោក មេប៉ុស្តិ៍នគរបាលក្រុងកំពត បណ្តោយឲ្យមានល្បែងស៊ីសងខុសច្បាប់ តាមទូរទស្សន៍អនឡាញ និងឆ្នោតឡូតូជាច្រើនទីតាំង មិនចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ៧ចំណុចនោះទេ ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋ នៅក្រុងកំពត ខេត្តកំពត កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីអសន្តិសុខសង្គម ព្រោះកាលណាមានលេងល្បែង ភ្នាល់គ្នាដាក់លុយស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ពួកគាត់ ខ្លាចកេីតជាចោរ លួច ឆក់ ប្លន់ និង រីករាលដាលគ្រឿងញៀនគូរឲ្យកត់សម្គាល់ មកពីដើមចោមអ្នកញៀនល្បែងទាំងនេះ និងដល់ផ្ទះអាចប្រើប្រាស់អំពើហឹង្សាដល់គ្រូសារថែមទៀតផង។
ដូច្នេះហើយ ប្រជាពលរដ្ឋ ក្នុងក្រុងកំពត បានអំពាវនាវដល់ លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និង លោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត មេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យ និងបង្ក្រាបជាបន្ទាន់ ទីតាំងបញ្ជាល់មាន់តាមទូរទស្សន៍អនឡាញ ឆ្នោតឡូតូ បង្កប់ក្នុងកាហ្វេជាច្រើនកន្លែង នៅក្រុងកំពត ដើម្បីពង្រឹងសន្តិសុខសង្គម ជូនពលរដ្ឋ ក្នុងមូលដ្ឋាន៕