ព្រៃវែង ÷ សេចក្តីរាយការណ៍ពីឈ្មួញ និងអាជីវករមួយចំនួនបានឲ្យដឹងថា ទោះបីពួកគេនាំចូលទំនិញដែលបង់ពន្ធនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏នៅតែដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តព្រៃវែង ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ1 ភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវតែឈប់បង់លុយតាមការកំណត់។
ក្រុមមន្រ្តីដែលចាំប្រមូលលុយនៅខាងមុខស្នាក់ការសាខាគយខេត្តព្រៃវែង បានប្រាប់ក្រុមឈ្មួញ និងអាជីវករថា ពួកគេធ្វើអ្វីៗតាមបញ្ជារបស់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង។
ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដោយឲ្យលោក មួង ដារ៉ា មេគយខេត្តព្រៃវែង ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។
ប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា បច្ចុប្បន្ននេះលោក គង់ សឺឌី ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកដដែល។
រីឯឈ្មួញ និងអាជីវករតូចតាចត្រូវបានលោក គង់ សឺឌី និងបក្ខពួកគាបយកលុយលើតុក្រោមតុស្រេចតែអំពើចិត្ត បើទោះបីក្រុមឈ្មួញ និងអាជីវករទាំងនោះបង់ពន្ធនាំចូលរួចហើយក៏ដោយ។
ការដែលលោក គង់ សឺឌី ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ ហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកគឺដោយសារមានការបើកដៃពីលោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ដែលកំពុងល្បីល្បាញខ្លាំងរឿងពុករលួយ។
ចំណែកប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗជាច្រើននាក់នាំចូលតាមច្រកនេះបង់ពន្ធមិនដល់50ភាគរយនោះទេ។
ក្រៅពីនេះឈ្មួញត្រូវបែងចែកផលប្រយោជន៍ជាមួយលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបន្ទាយចក្រី យ៉ាងរលូន ព្រោះលោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង បណ្ដោយឲ្យលោក ហង្ស វណ្ណ ធ្វើអ្វីៗតាមអំពើចិត្ត។
ទន្ទឹមនឹងនេះលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បណ្ដោយឲ្យលោក មួង ដារ៉ា និងមេៗ គយតាមច្រកព្រំដែនក្នុងខេត្តព្រៃវែង សហការគ្នាប្រព្រឹត្តអំពើពុករលួយពេញទំហឹង។