កំពង់ចាម ÷ ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្នសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងទ្រង់ទ្រាយធំ របស់បុគ្គលឈ្មោះ វ៉ាន់ នៅតែបើកដំណើរការយ៉ាងពេញទំហឹង ហើយមានអ្នកចូលរួមលេងល្បែងភ្លូកទឹកភ្លូកដីជារៀងរាល់ថ្ងៃ រីឯសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប សម្ងំទទួលផលប្រយោជន៍ ជាថ្នូរ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកកក់ និងលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ព្រមទាំងអភិបាលស្រុកស្ទឹងត្រង់ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកើតពេញបន្ទុកនោះទេ។
បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភកាន់តែខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗកើតឡើងយ៉ាងរាលដាលគួរឲ្យភ័យខ្លាច។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកបើកបររថយន្តរាប់សិបគ្រឿង និងម៉ូតូរាប់រយគ្រឿងចូលទៅលេងល្បែងបញ្ជល់មាន់ និងអាប៉ោងនៅភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ដូច្នេះក្នុងមួយថ្ងៃៗ ឈ្មោះ វ៉ាន់ ដែលជាមេល្បែងស៊ីសងអាចប្រមូលលុយបានយ៉ាងច្រើនពីក្រុមអ្នកញៀនល្បែង ក្នុងខណៈដែលមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំថ្នាក់ស្រុក រក្សាភាពស្ងៀមស្ងាត់ ទុក្ខឲ្យបុគ្គលរូបនេះ និងបក្សពួកលេងតាមអំពើចិត្ត។
មជ្ឈដ្ឋាននានាបានលើកឡើងថាបើគ្មានការឃុបឃិតពីសំណាក់សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ទេនោះគឺឈ្មោះ វ៉ាន់ មិនអាចបើកល្បែងស៊ីសងក្នុងភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានយ៉ាងរលូនឡើយ។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បង្ក្រាបល្បែងស៊ីសងក្នុងឃុំព្រែកកក់ ជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គមស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង7ចំណុច។
ដោយហេតុថាបច្ចុប្បន្នបុគ្គលឈ្មោះ វ៉ាន់ បើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងទ្រង់ទ្រាយធំក្នុងភូមិព្រះ ឃុំព្រែកកក់ ដំណើរការយ៉ាងរលូន ហើយសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានធ្វើមិនដឹងមិនឮអ្វីទាំងអស់។
អភិបាលស្រុកស្ទឹងត្រង់ និងលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បណ្ដោយឲ្យបុគ្គលឈ្មោះ វ៉ាន់ បើកល្បែងស៊ីសងយ៉ាងពេញបន្ទុក ពេលដែលប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខ។