ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា មេឈ្មួញឈ្មោះ ម៉ែអាស្រួច និងឈ្មោះ ឃីន ដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ឆ្លងកាត់មុខស្នាក់ការបរិស្ថាន ស្នាក់ការរដ្ឋបាលព្រៃឈើ និងប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចច្រើនកន្លែង ។
ប៉ុន្តែមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចអាវុធហត្ថ និងសមត្ថកិច្ចនគរបាលក្នុងស្រុកកែវសីមា មិនទាន់ចាត់វិធានការបង្ក្រាប ហើយឈ្មួញទាំងពីនាក់នោះ នៅតែមានឱកាស ដឹកជញ្ជួនអានុផលព្រៃឈើ ចេញពីស្រុកកែវសីមា ចូលមកខេត្តក្រចេះ យ៉ាងសុខស្រួលបំផុត ប្រហែលជាសមត្ថកិច្ចពាក់ព័ន្ធ ជាអ្នកបើកភ្លើងខៀវមើលទៅ។
ផ្ទុយទៅវិញមន្ត្រីជំនាញ និងសមត្ថកិច្ចនៅស្រុកកែវសីមា មានតែជួយសម្រួលឲ្យឈ្មួញឈ្មោះ ម៉ែអាស្រួច និងឈ្មោះ ឃីន អាចដឹកជញ្ជូនឈើពីដែនជម្រកសត្វព្រៃកែវសីមា ទៅដល់គោលដៅថែមទៀតផង។
ប្រជាពលរដ្ឋនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយពេលស្ងប់ស្ងាត់មួយរយៈពេលខ្លីឥឡូវនេះឈ្មួញឈ្មោះ ម៉ែអាស្រួច និងឈ្មួញឈ្មោះ ឃីន ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា យ៉ាងគឃ្លើន។
មេឈ្មួញឈ្មោះ ម៉ែអាស្រួច និងឈ្មោះ ឃីន រស់នៅភូមិសំពោច ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ តែអាចចូលមកធ្វើសកម្មភាពដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ចូលទៅស្រុកស្នួល ខេត្តក្រចេះ តាមអំពើចិត្ត។
មន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងស្រុកកែវសីមា មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ម៉ែអាស្រួច និងឈ្មោះ ឃីន នោះទេទំនងជាខ្លាចបាត់បង់ផលប្រយោជន៍។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ព្រមទាំងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកកែវសីមា ប្រកបដោយប្រសិទ្ធភាព។
ដោយហេតុថាឈ្មួញឈ្មោះ ម៉ែអាស្រួច និងឈ្មោះ ឃីន កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ចូលទៅស្រុកស្នួល ខេត្តក្រចេះ យ៉ាងងងើល ហើយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកកែវសីមា បែរជាសម្ងំស្ងាត់ឈឹង។
ប្រភពខ្លះបានបង្ហើបឲ្យដឹងថាមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកកែវសីមា ទទួលបានផលប្រយោជន៍ពីមេឈ្មួញឈ្មោះ ម៉ែអាស្រួច និងឈ្មួញឈ្មោះ ឃីន ជាប្រចាំទើបបណ្ដោយឲ្យឈ្មួញទាំង២នាក់នេះដឹកជញ្ជូនឈើចេញពីស្រុកកែវសីមា ខេត្តមណ្ឌលគិរីយ៉ាងរលូន មិនចាត់វិធានការបង្ក្រាប៕