ក្រចេះ ÷ បេីតាមការលើកឡើង.! ពីមន្ត្រីរាជការក្នុងមន្ត្រីសាធារណការខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា ទោះបីរឿងអាស្រូវពុករលួយ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នួលខេត្តក្រចេះ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ធ្វើមិនដឹងមិនឮ រក្សាភាពស្ងៀមស្ងាត់។
សូម្បីតែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញបន្ទុក របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ នៅឡើយទេ។
ដូច្នេះហើយទើបលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដែលកំពុងល្បីល្បាញខាងពុករលួយផងដែរ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួលខេត្តក្រចេះ បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ភាគច្រើនដឹកជញ្ជូនតាមរថយន្តធុនធំផ្ទុកលើសទម្ងន់ ហើយអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ដោយមិនបាច់ចូលថ្លឹងឲ្យបានត្រឹមត្រូវតាមការកំណត់ឡើយ។
ជាក់ស្តែង.! ម្ចាស់រថយន្តដឹកជញ្ជូនទំនិញទាំងនោះ ទល់តែឈប់បង់លុយឲ្យលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកតាមការកំណត់គឺអាចបន្តដំណើរទៅមុខយ៉ាងរលូន។
ជាងនេះទៅទៀតក្រុមអាជីវករនិងប្រជាពលរដ្ឋដែលដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយថ្លៃបាយទឹកតាមការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកមិនអាចតវ៉ាបាននោះទេ។
មន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តក្រចេះ មួយចំនួនបានលើកឡើងថា ទំនងជាអំពើពុករលួយ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ជាប្រភពចំណូលដ៏សំខាន់របស់លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសផងដែរ ទើបលោក សេង ឈួន បណ្តោយឲ្យលោក នូ សុវណ្ណា ធ្វើអ្វីៗតាមអំពើចិត្ត។
ជាងនេះទៅទៀតលោក នូ សុវណ្ណា តែងប្រើឈ្មោះលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្ត ក្រចេះ ដើម្បីការពារទង្វើមិនប្រក្រតីនិងអំពើពុករលួយ របស់ខ្លួនមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងលោក សាំង ប៊ុនថេន ជាបន្ទាន់ព្រោះរឿងអាស្រូវពុករលួយ របស់មន្ត្រីទាំង២រូបនេះត្រូវបានបើកកកាយជាបន្តបន្ទាប់។