ព្រះវិហារ ÷ ប្រភពពីមន្ត្រីអង្កការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ឈ្មួញឈើម្នាក់ឈ្មោះ សិច និងគូរកន កំពុងធ្វើសកម្មភាពកាប់ព្រៃឈើ តំបន់ស្រែវាល ក្នុងភូមិសាស្ត្រ ស្រុកជ័យសែន ដឹកជញ្ជូន ចូលខេត្តកំពង់ធំ ឥឡូវបុគ្គលរូបនេះ បច្ចុប្បន្នបង្វែរ ដឹកមកកាន់ខេត្តសៀមរាបវិញម្តង.! ស្តុកទុក្ខក្នុងឃ្លាំងឈើដ៏ធំ របស់មេឈ្មួញឈើដុះស្លែ ឈ្មោះ ចាន់ ណា ល្បីល្បាញខាងរកស៊ីជំនួញឈើយូរមកហើយ ស្ថិតនៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ចំណែកលោក ម៉ុង ប៊ុនលីម មេរដ្ឋបាលព្រៃឈើខេត្តសៀមរាប អះអាងថា មានច្បាប់ត្រឹមត្រូវផងដែរ ។
សូម្បីតែលោក កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះហារ និងលោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ មិនគូរបណ្តែតបណ្ដោយឲ្យឈ្មួញឈើឈ្មោះ សិច និងបក្សពួករបស់ខ្លួន
កាប់បំផ្លិចបំផ្លាញព្រៃឈើ ក្នុងស្រុកជ័យសែនតទៀតនោះទេ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋរស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ បានបញ្ជាក់ ឲ្យដឹងទៀតថា បច្ចុប្បន្ននេះនៅខេត្តព្រះវិហារ ពុំទាន់មានការអភិវឌ្ឍន៍ណាមួយ ដែលតម្រូវឱ្យកាប់ព្រៃឈើស្របច្បាប់ សម្រាប់ដឹកចូលឃ្លាំង អារច្រៀក ចេញលិខិតអនុញ្ញាត PC នោះឡើយ បែរជាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ រក្សាភាពស្ងៀមស្ងាត់។
ជាក់ស្តែងនៅថ្ងៃទី ០២.០៧.២០២២ ឈ្មួញឈើឈ្មោះ សិច និងបក្សពួក បានប្រើរថយន្តកែឆ្នៃ ដឹកជញ្ជូនឈើពេញពៀប ចេញពីខេត្តព្រះវិហារ ចូលមកកាន់ខេត្តសៀមរាប យ៉ាងពេញទំហឹង គ្មានស្ថាប័នពាក់ព័ន្ធខេត្តព្រះវិហារ និងមន្ត្រីជំនាញតាមដងផ្លូវ ជាអ្នកបើកភ្លើងខៀវហើយ ទេីបឈ្មួញរូបនេះ ហ៊ានដឹកឈើលោតឆ័ត្រទាំងព្រឹក មិនចាត់វិធានការបង្ក្រាប ប្រហែលទទួលផលប្រយោជន៍ ជាថ្នូរទេដឹង។
ក្រុមឈ្មួញដឹកចេញពីខេត្តព្រះវិហារ គឺជាឈើខុសច្បាប់ទាំងស្រុង ព្រោះឈ្មួញឈ្មោះ សិច តែងតែកៀងគរ ពលរដ្ឋ ឱ្យសម្រុកនាំគ្នាវេចបាយកញ្ចប់ យកម៉ាស៊ីនត្រង់ស៊ីន័រគ្រប់ដៃ និងបើកគោយន្តចូលកាប់បំផ្លាញព្រៃឈើ ក្នុង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព.ព្រៃព្រះរកា.និងព្រៃឡង់.រួចជញ្ជូនចូលឃ្លាំង ដើម្បីអារច្រៀកបន្លំភ្នែកមហាជន ថាជាឈើស្របច្បាប់។
ជាងនេះទៅទៀត ឈ្មួញឈើជើងខ្លាំងឈ្មោះ សិច តែងតែកៀងគរ ពលរដ្ឋរាប់សិបនាក់ នៅស្រុកជ័យសែន ខេត្តព្រះវិហារឱ្យនាំគ្នាកាន់ម៉ាស៊ីនត្រង់ស៊ីន័រ ចូលកាប់ ព្រៃឡង់ ត្រង់ចំណុចស្រែវាល ក្នុងភូមិសាស្ត្រ ស្រុកជ័យសែន លាន់សូរទ្រហឹងពេញព្រៃ
ដើម្បីដឹកជញ្ជូនឈើទាំងនោះ ចូល ឃ្លាំងស្តុកឈើ របស់ខ្លួន ស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រួចបន្លំថាៈ ឈើខ្លួនមានច្បាប់ ហើយដឹកបន្តទៅចែកចាយនៅខេត្តកំពង់ធំ។
ប្រជាពលរដ្ឋក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ អំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ ចាត់មន្ត្រីក្រោមឪវាទ ចុះបង្ក្រាបជាបន្ទាន់.! បើមិនដូច្នោះទេ ព្រៃឈើដែលនៅសេសសល់បន្តិចបន្ទួច ត្រូវវិនាសហិនហោចអស់ក្រោមស្នាដៃ របស់មេឈ្មួញ ឈ្មោះ សិច និងគូរកនជាក់ជាពុំខាន់ឡើយ៕